ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន០៦គ្រួសារ ស្មើនឹងទឹកប្រាក់ ២៤,០០០,០០០៛(ម្ភៃបួនលានរៀល) ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្ត និងប្រគល់ថវិកាសមាគមនជូនដល់ក្រុមគ្រួសារសពដូចមានឈ្មោះខាងក្រោម៖
គ្រួសារទី១- ទទួលថវិកាចំនួន (៦លានរៀល) ជូនដល់លោកស្រី កង សាគន្ធ ត្រូវជាភរិយាសពលោក ង៉ែត ឆេន អតីតមន្រ្តីចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី០៨ ខែធ្នូ ២០២១ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
គ្រួសារទី២- ទទួលថវិកាចំនួន (៦លានរៀល) ជូនដល់លោកស្រី ឃឹម ម៉ៅ ត្រូវជាភរិយាសព លោកសុខ យឿន អតីតមន្រ្តីចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី ២៤ ខែមករា ២០២២ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
គ្រួសារទី៣- ទទួលថវិកាចំនួន (៦លានរៀល) ជូនដល់លោកស្រី ស្វាយ សម្បត្តិ ត្រូវជាភរិយាសពលោកអនុសេនីយ៍ឯក ស៊ិន ទ្រី មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូងខ្ពស់ នៃអធិការដ្ឋាននគរបាលស្រុកបុរីជលសារ ខេត្តតាកែវ មរណៈភាពកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ដោយជំងឺ(លើសសំពាធឈាម)ស្ថិតនៅភូមិអាចម៍ទន្សាយ ឃុំដូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។
គ្រួសារទី៤- ទទួលថវិកាចំនួន (២លានរៀល)ប្រគល់ជូនដល់លោក ងួន ស្រ៉ីម អតីតមន្រ្តីចូលនិវត្តន៍ ត្រូវជាស្វាមីសពលោកស្រី លន់ អេង មរណៈភាពកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយជំងឺ(រោគាពាធ)ស្ថិតនៅភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
គ្រួសារទី៥- ទទួលថវិកាចំនួន (២លានរៀល) ប្រគល់ជូនដល់លោក ប្រាក់ ថន អតីតមន្រ្តីចូលនិវត្តន៍ ត្រូវជាស្វាមីសពលោកស្រី លី ហៀង មរណៈភាពកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។
គ្រួសារទី៦- ទទួលថវិកាចំនួន (២លានរៀល) ជូនដល់លោកអនុសេនីយ៍ឯ ប៊ុត សារ៉េន មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រាំបីមុំ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ត្រូវជាស្វាមីសពលោកស្រី ប៉ែក គួច មរណៈភាពកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិដង្កោ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវមនោសញ្ជេតនា ការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃល្អ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕