ខេត្តតាកែវ៖ ពិតជាសាហាវខ្លាំងណាស់ដែលអតីតប្តីបានយកទឹកអាស៊ីតជះទៅលេីប្រពន្ធនិងកូនបណ្តាលឲ្យរលាកពេញខ្លួនរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់បានគេចខ្លួនបាត់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាសខេត្តតាកែវ។
ជនដៃដល់ឈ្មោះខាយ ទ្រី ហៅឌឹក ភេទប្រុស អាយុ៣៩ឆ្នាំ ។
តាមការរៀបរាប់របស់បងប្អូនជនរងគ្រោះបានឱ្យដឹងថា ជនដៃដល់និងជនរងគ្រោះជាអតីតប្តីប្រពន្ធនឹងគ្នា ដោយបានរៀបការរយៈពេលជិត២០ឆ្នាំមកហេីយ និងមានកូនប្រុសស្រី២នាក់ជាចំណងដៃ ។ ដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នាក៏បានលែងលះគ្នាអស់រយៈពេល៥ខែមកហេីយ ប៉ុន្តែក្រោយមកបុរសជាប្តីបានសុំប្រពន្ធត្រូវគ្នាវិញ តែជនរងគ្រោះមិនព្រម។
សាក្សីបានបន្តថា លុះមកដល់យប់ថ្ងៃ
កេីតហេតុជនដៃដល់បានមកផ្ទះជនរងគ្រោះ ហើយដោយសារតែយប់ជ្រៅទៅហេីយជនរងគ្រោះក៏បានឃាត់អតីតប្តីនោះឱ្យសម្រាកនៅផ្ទះមួយយប់សិន ដោយជនដៃដល់ដេកខាងលេីផ្ទះ ចំណែកជនរងគ្រោះរួមទាំងកូនប្រុសស្រី២នាក់ទៀតដេកនៅខាងក្រោម។ ខណៈដែលជនរងគ្រោះនិងកូនៗកំពុងដេកលង់លក់ស្រាប់តែជនដៃដល់បានយកទឹកអាស៊ីតមកជះពីលេីបណ្តាលឱ្យរលាកទាំងម្តាយនិងកូនរងរបួសធ្ងន់ ហើយភ្លាមនោះជនដៃដល់ក៏បានគេចខ្លួនបាត់ទៅ។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ដោយបានសំណូមពរដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធមេត្តាតាមចាប់ជនដៃដល់យកមកដាក់ទោសតាមច្បាប់ផង៕
ដោយ៖សុខាសែនជ័យ