នៅថ្ងៃទី២១​ មីនានេះ! ព្រឹត្តិការណ៍ថ្ងៃរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត “សមរាត្រី” នឹងកើតមាន​ឡើង​,នេះបេី​តាមការបញ្ជាក់ពី​អ្នកជំនាញនៃ អាជ្ញាធរជាតិអប្សរា

ចែករំលែក៖

ខេត្តសៀមរាប៖ បេី​តាមការបញ្ជាក់ពី​អ្នកជំនាញនៃ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា​៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ​ នឹងមានបាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» ន័យសាមញ្ញ គឺ រយៈពេលថ្ងៃនិងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះ នៅចំកំពូល កណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជ នឹងកើតឡើង។​ នេះបេី​យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

ជាក់ស្ដែងអ្នកបុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ​លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងទៀតថា៖ ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍ថ្ងៃរះនៅចំកំពូលកណ្ដាលនៃ ប្រាសាទអង្គរវត្ត នៃសមរាត្រីខែមីនានេះ នឹងត្រូវចំថ្ងៃទី២១ ខែមីនា នៅវេលាប្រហែលជាចាប់ពីម៉ោង ៦ និង៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ។

អ្នកបុរាណវិទូរូបនេះ​ បានបន្តថា ព្រឹត្តិការណ៍ពិសេស ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២២នេះ អាចកើតមាន២ដង ក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។ លោកបានពន្យល់ថា សមរាត្រីគឺជាពេលវេលា ដែលរវាងពេលថ្ងៃ និងពេលយប់ ឱ្យមានរយៈពេល ស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។

ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿង ចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរស ខ្មែរ ដែលរៀបចំស្ថាបត្យកម្មប្លង់របស់ប្រាសាទទុកមុន ជាស្រេច ដោយបំណងតម្រូវ តាមបាតុភូតធម្មជាតិ ឱ្យប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនេះឡើង។ អាចនិយាយបាន ថាព្រឹត្តិការណ៍ ពិសេស ថ្ងៃរះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ប្រហែលជាអច្ឆរិយនេះ កើតមានតែនៅលើ ប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើន នៅលើប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ។

ការស្រាវជ្រាវបានបង្ហាញថា ប្រហែលជាមានតែអង្គរវត្តតែមួយគត់ ដែលបានរៀបចំក្នុងបរិក្ខារគ្រប់គ្រងរបស់ព្រះអាទិត្យ ហើយពេលថ្ងៃនិងយប់ លិចចំកណ្តាលកំពូលរបស់អង្គរវត្ត លើសពីហ្នឹងក៏មានពេលថ្ងៃវែងជាងយប់ ពេលយប់វែងជាងថ្ងៃ ក៏វានៅក្នុងប្លង់របស់ប្រាសាទអង្គរវត្តដែរ នេះចំណុចពិសេសដែលថា មានតែមួយគត់នៅលើលោកនេះ ដែលសំណង់បែបហ្នឹង ហើយធំស្កឹមស្កៃបែបហ្នឹង ដែលស្ថាបនាឡើង ដើម្បីគ្រប់គ្រងដំណើរគោចរនៃព្រះអាទិត្យ មួយឆ្នាំមាន២ដង ដែលមានតែមួយថ្ងៃគត់ ដែលឆ្នាំ២០២២ ចំថ្ងៃទី២១ ខែមីនា លើកទី២ ក្នុងខែកញ្ញា ប្រហែលក្នុងថ្ងៃទី២២។

ការកសាងបែបនេះ មានមូលហេតុយ៉ាងសំខាន់ ដែលយើងអាចឆ្លើយនិងសំណួរ ដែលតែងសួរថា ហេតុអ្វីអង្គរវត្ត បែរមុខទៅលិច គឺក្នុងគោលដៅគេធ្វើដើម្បីឱ្យថាមពលនៃចក្រភពរបស់ខ្មែរ គ្រប់គ្រងអំណាចទាំងមូលរបស់ចក្រវាឡ ដែលមានព្រះអាទិត្យជាតំណាង ហើយភស្តុតាង គឺយើងឃើញច្បាស់ ដែលយើងស្គាល់ស្តេចសាងអង្គរវត្ត គឺព្រះបាទសូរ្យវរ្ម័នទី២ ស្អីទៅជាសូរ្យវរ្ម័ន បានន័យថា ជាអ្នក មនុស្ស ឬជន ដែលទទួលការការពារពីព្រះអាទិត្យ។

សូមជម្រាបថា ថ្វីត្បិតតែក្នុងមួយឆ្នាំៗ ព្រឹត្តិការណ៍ ពិសេសសមរាត្រី ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត អាចកើតឡើង ក្នុង១ឆ្នាំ ២ដងក្តី ក៏ប៉ុន្តែ បាតុភូតនោះ កើតឡើងមិនដូចគ្នាទេ។ ក្នុងនោះ កាលពីឆ្នាំ២០១៩ កន្លងទៅ (សមរាត្រី) ព្រះអាទិត្យរះ ចំកំពូលកណ្ដាលនៃ ប្រាសាទអង្គរវត្ត បានកើតឡើងនៅថ្ងៃទី២០ ខែមីនា ចាប់ពីព្រឹកព្រលឹមស្រាងៗ ដោយគេអាចមើលឃើញពីខ្លោងទ្វារ កណ្តាល នៃគុកតារាជ (ខ្លោងទ្វារធំ ប៉ែកខាងលិច) អំឡុងពេលចាប់ពីម៉ោង៥និង៥០នាទី ដល់ម៉ោងប្រហែល ៧ ព្រឹក៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print