តុលាការឧក្រិដ្ឋកម្មសង្គ្រាម អន្តរជាតិ(ICC) បានផ្ញើសំណើជាផ្លូវការទៅកាន់ប្រទេសរុស្ស៊ី ស្នើចូលរួមក្នុងការសេុីបអង្កេតពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ នៅថ្ងៃទី១៧ ខែមីនា សារព័ត៌មាន TASS បានដកស្រង់ការប្រកាសរបស់រដ្ឋអាជ្ញាតុលាការ(ICC) លោក Karim Khan ដែលបានបញ្ជាក់ថា ស្ថាប័ននេះចង់ធ្វើការជាមួយរុស្ស៊ី ក៏ដូចជាអ៊ុយក្រែន ជុំវិញសង្គ្រាមដែលកំពុងតែកើតឡើង។ ជាមួយគ្នានេះដែរ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានបង្គាប់ឱ្យរុស្ស៊ីបញ្ឈប់សកម្មភាពយោធា នៅក្នុងប្រទេសអ៊ុយក្រែនជាបន្ទាន់ ជាមួយការបង្ហាញពីក្ដីព្រួយបារម្ភជាខ្លាំងពីការប្រើប្រាស់កម្លាំងបាយរបស់ទីក្រុងមូស្គូ។ ចៅក្រមនៃតុលាការ ICJ ចេញសេចក្ដីបង្គាប់ខាងលើនៅក្នុងសំឡេងគាំទ្រ១៣ ទល់នឹង២សំឡេងជំទាស់។ តុលាការអន្តរជាតិមួយនេះបានបញ្ជាក់ដូច្នេះថា «សហព័ន្ធរុស្ស៊ី ត្រូវតែបញ្ឈប់ប្រតិបត្តិការយោធាដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក នៅលើទឹកដីអ៊ុយក្រែន ជាបន្ទាន់»។ បន្ថែមពីលើនេះ ចៅក្រមតុលាការ ICJ បានជំរុញឱ្យរុស្ស៊ីធានាឱ្យបានថា កម្លាំងដទៃដែលស្ថិតនៅក្រោមការគ្រប់គ្រង ឬទទួលបានការគំាទ្រពីទីក្រុងមូស្គូក៏ត្រូវបញ្ឈប់សកម្មភាពយោធាផងដែរ។ ទោះបីជាសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) មានលក្ខណៈចាប់បង្ខំឱ្យអនុវត្តតាមក៏ដោយ តែកន្លងមកក៏មានប្រទេសមួយចំនួនបដិសេធ ឬកម្រនឹងមានអ្នកអនុវត្តតាមណាស់ ហើយប្រទេសដែលជំទាស់នឹងសេចក្ដីបង្គាប់ចេញដោយតុលាការអន្តរជាតិមួយនេះ អាចលើកយកសំណុំរឿងនេះទៅនិយាយនៅឯក្រុមប្រឹក្សាសន្តិសុខ UN ជាទីដែលរុស្ស៊ីមានសិទ្ធិអំណាចវ៉េតូស្រាប់៕ ដោយធីរីណា
រូបថត៖DW.