ខេត្តកណ្តាល៖ យ៉ាងហោចណាស់ក៏មានកីឡាករកីឡាការិនីជិះកង់ទាំងចាស់ក្មេងប្រុសស្រីប្រមាណ១៦០នាក់បានចូលរួមព្រឹត្តិការណ៍ប្រកួតប្រណាំងកង់ឡើងភ្នំជុំទី១នៅកោះដាច់កាលពីថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៦កន្លងទៅ និងបន្តប្រកួតនៅជុំទី២ដែលគ្រោងធ្វើនៅទីលានព្រែកលៀបនាខែមិថុនាខាងមុខ ។
លោក ផែ អ៊ីវកាទ្រី អ្នករៀបចំកម្មវិធី ប្រកួតបានឲ្យដឹងថា ការប្រកួតប្រណាំង កង់ឡើងភ្នំជុំទី១នេះ មានកីឡាករកីឡាការិនីចូលរួមសរុប១៦០នាក់ដោយប្រកួតលើវិញ្ញាសាចំនួន១១ ក្នុងនោះមានវិញ្ញាសាA1 សម្រាប់អ្នកជំនាញជិះលើផ្លូវដែលមាន លក្ខណៈលំបាកខ្លាំង, A2សម្រាប់អ្នក ជំនាញតែក្រោមកម្រិតA1បន្តិចជិះលើផ្លូវលំបាកខ្លាំងដែរ ។ B1សម្រាប់អ្នកមានជំនាញមធ្យមជិះលើផ្លូវលំបាកល្មមB2អ្នកមាន ជំនាញក្រោមមធ្យមកម្រិតB1បន្តិចជិះលើផ្លូវសភាពលំបាកមធ្យម C1. C2. C3.សម្រាប់មនុស្សដែលមានអាយុចាប់ពី៣៥ឆ្នាំឡើង ជិះលើផ្លូវរាបស្មើមានលក្ខណៈងាយស្រួលខ្លះនិងលំបាកខ្លះ ។ ចំណែកឯវិញ្ញាសា VIP សម្រាប់កីឡាករលំដាប់ខ្ពស់ជិះកម្សាន្តKID វិញ្ញាសាសម្រាប់កុមារតូចដែលមានកង់ ចម្រុះជិះលើផ្លូវមានស្ថានភាពស្រួល រីឯស្រ្តី មិនគិតអាយុជិះលើផ្លូវស្រួលនិងលំបាក ធម្យម ។
លោកបន្តថា ការប្រកួតនេះបានធ្វើឡើងដើម្បីផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីបានចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពដែលបានហាត់រៀនកន្លងទៅ ពិសេសចង់ចូលរួមបំផុសវិស័យកីឡាប្រណាំងកង់នេះឲ្យកាន់តែមានការចូលរួមខ្លាំងឡើងពីយុវជន ។
លោក ស៊ឹម សានត្រាន តំណាងភេជ្ជៈ ស្ពនស័របានឲ្យដឹងថា គោលការណ៍ចម្បងដែលក្រុមហ៊ុនចូលរួមឧបត្ថម្ភនៅក្នុងព្រឹត្តិការណ៍ប្រណាំងកង់ឡើងភ្នំនេះ គឺចង់ចូលរួមលើកម្ពស់វិស័យកីឡានៅកម្ពុជាគ្រប់ប្រភេទកីឡាទាំងអស់ ។ តំណាងភេសជ្ជៈស្ពនស័រ រូបនេះបញ្ជាក់ថា ស្ពនស័របានចំណាយថវិកា ប្រមាណជាង១ម៉ឺនដុល្លារឧបត្ថម្ភកម្មវិធី ប្រណាំងកង់ឡើងភ្នំឆ្នាំ២០១៦ជុំទី១។
គួររំលឹកថា ព្រឹត្តិការណ៍ប្រណាំងកង់ ឡើងភ្នំការប្រកួតមានចំនួន៥ជុំ ក្នុង១ឆ្នាំ ដោយជុំទី១ធ្វើនៅកោះដាច់, ជុំទី២នៅ ព្រែកលៀប, ជុំទី៣នៅខេត្តកំពង់ស្ពឺ, ជុំទី៤ នៅភ្នំប្រសិទ្ធិ និងជុំទី៥ក្នុងដំណាក់កាលផ្តាច់ព្រ័ត្រធ្វើនៅគិរីរម្យ ហើយប្រកួតក្នុងមួយ ជុំៗយកពិន្ទុពីលេខ១ដល់១០ក្នុងវិញ្ញាសា នីមួយៗយកមកបូកគ្រប់ជុំទាំងប្រាំដើម្បី រកម្ចាស់ជើងឯកប្រចាំឆ្នាំ២០១៦ ៕
ដោយ៖ សារីម