កីឡាករ Andriy Yarmolenko រកបានគ្រាប់បាល់ឈ្នះក្នុងម៉ោងបន្ថែមដ៏អស្ចារ្យជួយឲ្យក្រុម West Ham បានយកឈ្នះក្រុម Sevilla ក្នុងជើងទី២ពានរង្វាន់ Europa League ដើម្បីឈានទៅដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រពានរង្វាន់នេះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨១។ Yarmolenko ធ្លាប់អវត្តមានដោយរបួស និងការត្រឡប់ទៅរកសាច់ញាតិនៅផ្ទះក្នុងប្រទេសអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម។
ការប្រកួតជើងទី១ ក្រុម Sevilla បានយកឈ្នះ១ទល់០ ប៉ុន្តែក្នុងការប្រកួតជើងទី២ ក្រុមម្ចាស់ផ្ទះ West Ham បានព្យាយាមវាយបកវិញ ហើយនៅនាទីទី៣៩ កីឡាករ Tomas Soucek រកបាន១គ្រាប់ ធ្វើឲ្យក្រុម West Ham មានក្តីសង្ឃឹមកាន់តែច្រើន។ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមដាក់សម្ពាធទៅលើក្រុម Sevilla ប៉ុន្តែនៅតែមិនអាចរកបានគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួត៩០នាទី។ ពេលនោះអាជ្ញាកណ្តាលបានសម្រេចបន្ថែមម៉ោង១៥នាទី២ដង ហើយនៅនាទីទី១១២ កីឡាករ Andriy Yarmolenko មានឱកាសរកបាន១គ្រាប់បន្ថែមទៀតឲ្យ West Ham ដែលជាគ្រាប់ជ័យជម្នះក្នុងការប្រកួតវគ្គ១៦ក្រុមនេះ និងធ្វើឲ្យក្រុមញញួរធំទទួលបានលទ្ធផល២ទល់១សរុបទាំង២ជើង មានឱកាសឡើងវគ្គ៨ក្រុមចុងក្រោយបន្តទៀត ។លោក David Moyes អ្នកចាត់ការក្រុម West Ham បានចាត់ទុកលទ្ធផលនេះជាការប្រកួតដ៏អស្ចារ្យមួយដែលោកមានមោទនភាពយ៉ាងខ្លាំងចំពោះរបៀបដែលក្រុមរបស់គាត់អាចនឹងត្រូវចាប់ឆ្នោតប៉ះក្រុម Barcelona ឬRangers ។ពេលវេលាចុងក្រោយដែលលោក Moyes គ្រប់គ្រងក្រុមក្នុងវគ្គ១៦ក្រុមចុងក្រោយនៃការប្រកួតនៅទ្វីបអឺរ៉ុប គាត់បានធានាបានលទ្ធផលល្អបំផុតរបស់គាត់ក្នុងនាមជាអ្នកចាត់ការក្រុម Manchester United នៅពេលដែលក្រុមរបស់គាត់ត្រលប់មកវិញពីការចាញ់ ២-០ ជើងទី១ដើម្បីទម្លាក់ក្រុម Olympiakos ចេញពីក្របខ័ណ្ឌ Champions League ។
បច្ចុប្បន្នក្រុម West Ham កំពុងឈរលេខ៦ ក្នុងតារាង Premier League នៅអង់គ្លេស ដោយមាន៤៨ពិន្ទុ ក្នុង២៩ប្រកួតដែលជាក្រុមកំពុងប្រជែងតំណែង Top 4 មួយដែរក្នុងរដូវកាលនេះ។ ការប្រកួតបន្ទាប់របស់ក្រុមនេះនឹងត្រូវប៉ះក្រុមមាន់ខ្នាយមាស Tottenham នៅថ្ងៃទី២០ ខែមីនាខាងមុខ វេលាម៉ោង១១និង៣០យប់ ៕ (រូបភាព ៖ BBC Sport)