នៅថ្ងៃទី ១៨ខែមីនា សារព័ត៌មានរ៉យទ័របាន ដកស្រង់ការប្រកាសរបស់រដ្ឋាភិបាលតាលីបង់ បានបញ្ជាក់ថា នឹងអនុញ្ញាតិឲ្យសិស្សស្រីនៅក្នុងប្រទេសនេះវិលត្រឡប់ទៅសាលារៀនវិញ ។ ក្រុមតាលីបង់បានប្រកាសថា សាលាមធ្យមសិក្សានឹងបើកទ្វារនៅសប្តាហ៍ក្រោយ។
សកម្មភាពខាលើកើតឡើងក្រោយពេលដែល សហគមន៍អន្តរជាតិ បង្ហាញពីក្តីបារម្ភ ខ្លាចក្រុមតាលីបង់មិនអនុញ្ញាតិឲ្យកុមារី និងស្ត្រីទទួលបានការអបរំដូចប្រទេសដទៃ ។
លោក Aziz Ahmad Rayan អ្នកនាំពាក្យក្រសួងអបរំ របស់រដ្ឋាភិបាលតាលីបង់ បានបញ្ជាក់ថា «សាលារៀនទាំងអស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងត្រូវបើកទ្វារឡើងវិញ ឲ្យសិស្សវិលត្រឡប់ទៅសិក្សាវិញ ទាំងប្រុស-ស្រី។ ចំណែកសិស្សស្រីនឹងត្រូវបានបង្រៀនដាច់ដោយឡែក ហើយមានតែគ្រូបង្រៀនស្រីប៉ុណ្ណោះទើបអាច បង្រៀនសិស្សស្រី។ ចំណែកនៅក្នុងតំបន់ជនបទដែលខ្វះគ្រូបង្រៀនស្រី គឺអាចឲ្យគ្រូប្រុសដែលមានវ័យចំណាសចូលទៅបង្រៀនបាន។
លោក Aziz Ahmad Rayan បានបញ្ជាក់ថា នៅក្នុងឆ្នាំនេះនឹងមិនមានសាលារៀនណាមួយត្រូវបានបិទទ្វារនោះឡើយ ហើយបើមានករណីបិទទ្វារ គឺក្រសួងអបរំមានតួនាទីត្រូវបើកទ្វារវិញ។
ការអនុញ្ញាតិឲ្យក្មេងស្រី ស្ត្រី ទទួលបានការអបរំគឺជា សំណើរពីសហគមន៍អន្តរជាតិដល់រដ្ឋាភិបាលតាលីបង់ដែលបានឡើងមកកាន់កាប់ដឹកនាំប្រទេសអាហ្វហ្គានីស្ថានជាថ្មីនៅថ្ងៃទី ១៥ខែសីហាឆ្នាំ២០២១ក្រោយអាមេរិកប្រកាសដកទ័ពបញ្ចប់សង្គ្រាមនៅក្នុងប្រទេសនេះ៕
រូបថត: AP