ប្រជាពលរដ្ឋទៅបង់សំណាញ់ប្រទះឃើញកាំភ្លើងAkមួយដើមត្រាំក្នុងទឹកយកទៅប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ប្រជាពលរដ្ឋ​២នាក់ខណៈទៅ​បង់​សំណាញ់យកត្រីស្រាប់តែបានប្រទះឃើញកាំភ្លើងវែង១ដើមម៉ាក​ AK​ 47​ បង់​០១​ និង​គ្រាប់​០៨​គ្រាប់​ដែលមានច្រែះចាប់ទៅហើយត្រាំក្នុងទឹកមិនដឹងតាំងពីពេលណា។ ក្រោយរកឃើញកាំភ្លើងចាស់មួយដើមនេះប្រជាពលរដ្ឋរូបនេះ បាន​យកទៅប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទួលពង្ររក្សាទុក។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទួលពង្របានទទួលកាំភ្លើងវែងមួយដើមនេះពីប្រជាពលរដ្ឋនៅ​វេលា​ម៉ោង​១០​និង​៤៧​នាទី​ព្រឹក​ ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២២​ នៅស្នាក់ការប៉ុស្តិ៍រដ្ឋបាល។​
​លោក​វរសេនីយ៍ឯក​ បេន​ សំអាត​ អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ​ បាន​ឲ្យ​ដឹង​ថា​ តាម​សេចក្តីរាយការណ៍​ពី​លោក​មេ​ភូមិ​រស្មី​សាមគ្គី​ ឃុំ​ទួល​ពង្រ​ នៅ​វេលា​ម៉ោង​ ១០​និង​៣៥​ នាទី​នៅ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​ ២០២២​ មាន​ប្រជាពលរដ្ឋ​០២​នាក់​ឈ្មោះ​ ១-/​សុំ​ លាន​ ភេទ​ប្រុស​ អាយុ​ ៤៤​ឆ្នាំ​,​ ២-/​ម៉ិ​ញ​ ឈិ​ន​ ប្រុស​ អាយុ​ ៥៧​ឆ្នាំ​ រស់នៅ​ភូមិ​រស្មី​មាន​ជ័យ​ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ បាន​ទៅ​រក​ត្រី​នៅ​ចំណុច​អូរ​ជាប់​ព្រំប្រទល់​ស្រុក​អូរ​ជ្រៅ​និង​ស្រុក​ម៉ា​ឡៃ​ ។​ នៅពេល​ពួកគាត់បង់សំណាញ់​រួរួចចុះទៅចាប់ត្រីក្នុងទឹកស្រាប់តែប៉ះនឹងកាំភ្លើងវែង១ដើមធុន​ AK ក្នុង​សំណាញ់​ ក៏​បាន​រាយការណ៍​មកមលោក។ បន្ទាប់មកលោកបាន​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​០២​នាក់នោះយកកាំភ្លើង១ដើមនេះមក​ប្រគល់ឲ្យនគរបាលបុកទួលពង្ររក្សាទុក ។​
​លោក​អធិការ​បានបន្ថែមថា តាមកម្លាំង​នគរបាល​ប៉ុស្តិ៍​ប្រាប់ថា កាំភ្លើងវែង ធុន​AK​ 47​ ១ដើមនេះជាប្រភេទកាំភ្លើងកំបុត​ស្វាយ​ មាន​បង់​០១​ និង​គ្រាប់​ ចំនួន​០៨​ គ្រាប់ មានគុណ​ភាព​ប្រហែល​២០%​  ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​ ៕​


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print