ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកសន្និបាទបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួន ២០២១ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកសន្និបាទបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួន ២០២១ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២ បន្ទាប់ពីអាក់ខានពីរឆ្នាំ (២០២០ និង២០២១) ដោយសារបញ្ហាវិបត្តជំងឺឆ្លងកូវីដ-១៩។ ពិធីដ៏មហោឡារិកនេះ ស្ថិតក្រោមអធិបតីភាព លោករដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួមពីលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីទីប្រឹក្សា លោកប្រតិភូ លោក លោកស្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត លោក លោកឧកញ៉ាតំណាងឲ្យវិស័យឯកជន ដៃគូអភិវឌ្ឍន៍ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៤ រាជ ធានី-ខេត្ត ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយសចំនួន ២០០នាក់ និង ២៥០នាក់ផ្សេងទៀតអញ្ជើញចូលរួមតាម Zooming។ ពិធីដ៏អធិអធមនេះ ស្ថិតនៅក្រោយវិធានការរបស់ក្រសួងសុខាភិបាលស្តីពីការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ យ៉ាងខ្ជាប់ខ្ជួន។

ថ្លែងទៅកាន់អង្គសន្និបាទ លោករដ្ឋមន្ត្រីបានកោតសរសើរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការក្រោមឱវាទគ្រប់លំដាប់ថ្នាក់ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទទូទាំង២៤ រាជធានី-ខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន សមាគម សហគមន៍កសិកម្ម ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងស្ថាប័នឥណទានមួយចំនួនទៀត ដែលសុទ្ធតែជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ហើយសមិទ្ធផលសំខាន់ៗ ត្រូវបានបើកបង្ហាញជូនជ្រាបក្នុងកិច្ចប្រជុំបូកសរុបការងារសម្រាប់ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានចំនួន៣ (អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងអគ្គនាយកដ្ឋានកៅស៊ូ) និងរដ្ឋបាលចំនួន២ (រដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល) ក្នុងខែកុម្ភ:កន្លងមក។

លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គពិធីជ្រាបថា វិស័យកសិកម្មបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍជនបទ និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ដោយមានអង្គភាពជំនាញជាសេនាធិការដែលបាននិងកំពុងខិតខំយកអស់ស្មារតីទទួលខុសត្រូវធ្វើការលះបង់កាយ ចិត្ត គំនិត បញ្ញា ចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីរៀបចំផែនការ និងអនុវត្តសកម្មភាពសំខាន់ៗសំដៅដល់ការប្រើប្រាស់បច្ចេកវិទ្យាលើការងារផលិតកម្ម និងការកែច្នៃឲ្យអស់សក្ដានុពលដែលមានស្រាប់ ធ្វើយ៉ាងណាលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូល ព្រមទាំងធានាបាននូវសន្តិសុខស្បៀង ឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវស្តីពី “ប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០” ធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ បង្កើនការនាំចេញកសិផល ដើម្បីលើកកម្ពស់ជីវភាព តាមរយ:ការធ្វើទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មដំណាំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងខ្សែច្រវាក់ផលិតកម្មកែច្នៃ និងនាំចេញប្រកបដោយភាពប្រកួត ប្រជែង ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាកម្ម ការផ្ទេរបច្ចេកទេសកសិកម្មទំនើប ការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលសម្រាប់តម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនសហ គ្រិនភាព និងមានលក្ខណៈជាអាជីពក្នុងកសិធុរកិច្ច ក៏ដូចជាការអភិវឌ្ឍន៍បច្ចេកវិទ្យានៅលើខ្សែច្រវាក់ផលិតកម្ម ឆ្លើយតបចំពោះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ក៏ត្រូវបានក្រសួងកំពុងជំរុញឱ្យអនុវត្តយ៉ាងសកម្ម។ ពិតណាស់ថា សមិទ្ធផលទាំងអស់នេះសម្រេចទៅបានដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយយ៉ាងល្អប្រសើរ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបោះជំហានឆ្ពោះទៅមុខ ដើម្បីសម្រេចបាននូវកិច្ចអភិវឌ្ឍមួយប្រកបដោយចីរភាពក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ក្នុងនាមថ្នាក់ដឹកនាំក្រសួង លោករដ្ឋមន្ត្រីយល់ឃើញថា វិស័យស្បៀងដែលបាននិងកំពុងដើរតួនាទីក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ បង្កើនប្រាក់ចំណូល និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ កំពុងប្រឈមនូវបញ្ហាមួយចំនួនមានជាអាទិ៍៖
១. ផលិតភាពផលិតកម្ម ការធ្វើពិពិធកម្ម និងពាណិជ្ជូបនីយកម្មនៅមានកម្រិត កង្វះការវិនិយោគលើការកែច្នៃ គុណភាពកសិផលនៅមិនទាន់ឆ្លើយតបតាមតម្រូវការទីផ្សារ លទ្ធភាពប្រកួតប្រជែងមានក្រមិត សត្វល្អិតបំផ្លាញដំណាំ ជំងឺឆ្លងរុក្ខជាតិ និងសត្វជាដើម។ល។

២. ការប្រែប្រួលអាកាសធាតុ ការងារស្រាវជ្រាវ និងសេវាផ្សព្វ ផ្សាយកសិកម្ម និងទីផ្សារមិនទាន់មានប្រសិទ្ធភាពខ្ពស់នៅឡើយ។
៣. ប្រព័ន្ធស្រោច ស្រពតាមលក្ខណៈសន្សំសំចៃទឹក លើដីស្រែចម្ការ និងកសិដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មនៅមិនទាន់គ្រប់គ្រាន់។
៤. ការគ្រប់គ្រង និងការប្រើប្រាស់ដីកសិកម្មឱ្យចំគោលដៅ និងសក្តានុពល ភាពនៅតាមភូមិសាស្រ្តនីមួយៗស្ថិតនៅតែជាបញ្ហា។
៥. ការទប់ស្កាត់បទល្មើសព្រៃឈើ ជលផល ការនាំចូលសត្វ និងសម្ភារកសិកម្មខុសច្បាប់នៅមានកម្រិត។
៦. ខ្វះទីផ្សារលក់ផលិតផល ។
៧. សកម្មភាពកាប់រានហ៊ុមព័ទ្ធដីព្រៃឈើ ព្រៃលិចទឹក ដោយខុសច្បាប់ នៅតែកើតមាន។ បញ្ហាសំខាន់ៗដែលបានរំលេចជូន លោករដ្ឋមន្ត្រីបានអំពាវនាវ និងស្នើសុំយ៉ាងទទួចឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់មេត្តាជួយផ្តល់កិច្ចសហការឲ្យបានទូលំ ទូលាយ និងស៊ីជម្រៅបន្ថែមទៀត ជាពិសេសថ្នាក់ដឹកនាំក្រសួង អង្គភាពជំនាញ មន្រ្តីរាជការ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវយកអស់ស្មារតីទទួលខុសត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ពិសេសការអនុវត្តគោល នយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩ -២០២៣ ធ្វើយ៉ាងណាសម្រេចឲ្យ បាននូវចក្ខវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។

ឆ្លៀតយកឱកាសនេះ ដើម្បីឱ្យអង្គសន្និបាតដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ក្នុងរយ:ពេលពីរថ្ងៃនេះ លោករដ្ឋមន្ត្រីបានស្នើដល់អង្គសន្និបាតទាំងមូលធ្វើការពិភាក្សាឱ្យបានស៊ីជម្រៅ ផ្លាស់ប្តូរបទពិសោធន៍ រិះរកគ្រប់មធ្យោបាយដើម្បីដំណោះស្រាយបញ្ហាប្រឈម ជួយតម្រង់ទិស ដោយត្រូវពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយនូវប្រធានបទជាអាទិភាពមួយចំនួនដែលពាក់ព័ន្ធទៅនឹងបទអន្តរាគមន៍របស់អន្តរ-ក្រសួងពាក់ព័ន្ធ អង្គភាពជំនាញក្រោមឱវាទ និងវិស័យឯកជន លើវិធានការគន្លឹះនៃការស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទជំងឺកូវីដ-១៩ ក្នុងគោលដៅជួយជំរុញការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងប្រសិទ្ធភាពខ្ពស់ ស្របតាមនិន្នាការនៃការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបដិវត្តន៍ឧស្សាហកម្មទី៤.០ ពិសេសក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល។

សូមគោរពអនុញ្ញាតជម្រាបជូនថា ពិធីបិទសន្និបាទបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៣ ខែមីនាខាងមុខនេះ ដែលពិធីដ៏ឧត្តុងឧត្តមនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print