លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចូលជួបសវនាការចំពោះនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ចែករំលែក៖

ប្រទេសមីយ៉ាន់ម៉ា : នៅព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២២ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានអញ្ជើញចូលជួបសវនាការចំពោះនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមករា ឆ្នាំនេះ។

សូមបញ្ជាក់ថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២២ បានបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំនួន៣ថ្ងៃ គឺពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ ដោយឡែក នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រេសិតពិសេសរបស់អាស៊ាន លោក ប្រាក់ សុខុន នឹងចេញដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយនឹងភាគីពាក់ព័ន្ធនានា និងនាំជំនួយមនុស្សធម៌។

សម្តេចបានឱ្យដឹងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ 

គួរបញ្ជាក់ថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ធ្វើដំណើរទៅមីយ៉ាន់ម៉ានេះ ក្នុងនាមលោកជាប្រេសិតពិសេសប្រធានអាស៊ានស្ដីពី «បញ្ហានៅមីយ៉ាន់ម៉ា» ដើម្បីជួបពិភាក្សាពីការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ានទៅកាន់មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា៕

                                ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print