Update ៖ សូមប្រុងប្រយ័ត្ន​ពេលមេឃកំពុងភ្លៀង..!! រថយន្តដឹកខ្សាច់ធុនធំបេីកបុក​ កិន​ម៉ូតូមួយគ្រឿង បណ្ដាលឲ្យប្រុសស្រី២នាក់ស្លាប់​និងរបួសធ្ងន់​នៅផ្លូវជាតិលេខ២

ចែករំលែក៖

ភ្នំពេញ​ ៖​ ខណៈមេឃកំពុងភ្លៀងខ្លាំង​ ស្រាប់តែមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកេីតឡេីងរវាងរថយន្តដឹកខ្សាច់ធុនធំ​មួយគ្រឿងបានបេីកបុក​ និងកិនម៉ូតូមួយគ្រឿងអូសជាច្រើនម៉ែត្រ​រងការខូចខាត​យ៉ាងដំណំ និងបណ្ដាលឲ្យប្រុសស្រី២នាក់​រងរបួសធ្ងន់​ធ្ងរ​ រហូតបញ្ចូនទៅដល់មន្ទីរពេទ្យ​ អកុសលមាននារីម្នាក់បានដាច់ខ្យល់​ស្លាប់​ ។

​     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨យប់​ ថ្ងៃទី២១​ ខែមីនា​ ឆ្នាំ​២០២២​ ស្ថិតនៅចំណុចស្តុបវត្តចាក់អង្រែក្រោម​ តាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែ​លេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    នារីរងគ្រោះឈ្មោះ​ ភឿន​ ស្រីនី អាយុ១៨ឆ្នាំ​ មុខរបរធ្វេីការនៅហាង​អុីនធើណេត​ ស្នាក់នៅផ្ទះជួល​ក្បែរផ្ទះប្រធានភូមិ​ ភូមិទួលរកា២​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ (ស្លាប់) ។ យុវជន​ជាអ្នកបេីកបរម៉ូតូឈ្មោះ​ អ៊ូ​ សុវណ្ណមករា​ អាយុ១៨ឆ្នាំ​ មានទីលំនៅជាប់ផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ (រងរបួសមួយចំហៀងខ្លួន​ធ្ងន់ធ្ងរ) ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ នៅពេលកេីតហេតុ​ គឺមេឃបានភ្លៀងធ្លាក់យ៉ាងខ្លាំង​ ខណៈពេលនោះក៏មានប្រុសស្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ SUZUKI Nek ពណ៌ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​ 1HD-1500 បានឌុបគ្នាមកឈប់ស្តុបត្រង់ចំណុចកេីតហេតុ ស្របពេលនោះក៏មានរថយន្តធុនធំ​ម៉ាក​ DONGFENG ពណ៌ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​ 3E-5725 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរស្របទិសគ្នា​ ទិសដៅពីលិចមកកេីត​ បំណងឆ្លងស្តុបបត់ស្ដាំទៅផ្លូវជាតិលេខ២​ តែជ្រុលចង្កូតទៅបុកម៉ូតូ SUZUKI Nek ខាងលេី​ និងកិនអូសជិត១០ម៉ែត្រ​រងការខូចខាតយ៉ាងដំណំ​ ព្រមទាំងបណ្ដាលឲ្យប្រុសស្រី២នាក់ខាងលេីរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះភ្លាមៗ​ តែអកុសល​ នារីម្នាក់របួសធ្ងន់ធ្ងរពេកក៏បានដាច់ខ្យល់ស្លាប់​ក្នុងមន្ទីរពេទ្យ ។ 

​     ក្រោយកេីតហេតុ​ តៃកុងរថយន្តបង្កបានចុះទៅឡេីងរថយន្តផ្សេងទៀតរហូតទៅដល់ក្នុងការដ្ឋានបូមខ្សាច់មួយកន្លែងជាប់ផ្លូវជាតិលេខ២​ សង្កាត់ចាក់អង្រែ​លេី​ ខណ្ឌមានជ័យ​ ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដេីម្បីចាត់ការតាមច្បាប់​ ។​ ដោយឡែករថយន្តនិងម៉ូតូខាងលេី​ ត្រូវបានសមត្ថកិច្ចជំនាញ​ ធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី​ ៕​

        

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print