សម្តេចក្រឡាហោម ស ខេង ៖ សូមមន្ត្រីមូលដ្ឋានកុំតាំងខ្លួនជាអ្នកធំ សូមចាត់ទុកប្រជាពលរដ្ឋជាចៅហ្វាយនាយ

ចែករំលែក៖

ខេត្តព្រៃវែង : សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំដល់មន្ត្រីមូលដ្ឋានកុំតាំងខ្លួនជាអ្នកធំជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋ សូមចាត់ទុកប្រជាពលរដ្ឋ ជាចៅហ្វាយនាយ ព្រោះតែយើងបំពេញការងារ ទទួលបានប្រាក់បៀវត្សពីរដ្ឋ ដែលប្រាក់បៀវត្សរបស់រដ្ឋនោះគឺបានមកពីព្រជាពលរដ្ឋ។សម្តេចក្រឡាហោមបានធ្វើការណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។ នេះបើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ។

សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា «យើងទទួលបា្រក់ខែពីរដ្ឋ ប្រាក់ខែពីប្រជាពលរដ្ឋ ដូច្នេះត្រូវបំរើប្រជាពលរដ្ឋឱ្យអស់ថ្លៃ ព្រោះប្រជាពលរដ្ឋបានបង់ឱ្យយើងតាមរយៈការបង់ពន្ធដោយផ្ទាល់ និងតាមរយៈពន្ធទៅលើថ្លៃទំនិញនានា ដែលបានចំណូលចូលដល់រដ្ឋ» ហេតុដូច្នេះហើយទើបមន្ត្រីក្នុងមូលដ្ឋានទាំងអស់ត្រូវតែគិតថាប្រជាជនជាចៅហ្វាយនាយរបស់យើង។

នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍លើកឡើងពីរបៀបរបបធ្វើការងារផងដែរ ដោយមន្ត្រីគ្រប់រូបត្រូវខិតខំប្រឹងប្រែងធ្វើការងារតាមលិខិតបទដ្ឋានគតិយុត្តដែលបានចែងមក ព្រមទាំងត្រូវធ្វើសន្ទសន៍នៃកិច្ចប្រជុំប្រចាំឆ្នាំ ដោយត្រូវរៀបចំកំណត់ពេលវេលានៃការប្រជុំពិភាក្សាឱ្យបានជាប់លាប់។ ទន្ទឹមនឹងនេះសម្តេចក្រឡាហោម បានណែនាំថា «មន្ត្រីគ្រប់រូបត្រូវរត់រកការងារធ្វើ មិនមែនឱ្យការងាររត់រកយើងនោះទេ ពេលខ្លះមានការងាររត់រកយើងដូចជាករណីកូវីដ១៩ គ្រោះមហន្តរាយដែលកើតឡើងដោយមិនបានព្រៀងទុកតម្រូវឱ្យយើងប្រឹងប្រែងទប់ស្កាត់ ប៉ុន្តែបញ្ហាមួយចំនួនទៀត យើងត្រូវផ្តួចផ្តើមគំនិតឡើងធ្វើការដោះស្រាយ ដូចជាករណីជីកប្រឡាយ ធ្វើផ្លូវជាដើម»។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ណែនាំមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវតែផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ ត្រូវតែដឹងសុខទុក្ខប្រជាពលរដ្ឋជាប់ជាប្រចាំដោយត្រូវធ្វើការតាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងខិតខំស្វែងរកនូវវិធីសាស្ត្រដើម្បីឆ្លើយតប និងដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ កន្លែងណាមានគ្រឿងញៀន កន្លែងមានចោរលួច ចោរប្លន់ កន្លែងមានខ្យល់ព្យុះ កន្លែងមានពលរដ្ឋមានជីវភាពខ្វះខាត ត្រូវតែក្តាប់ព័ត៌មានឱ្យបានជាប់ ផ្សាភ្ជាប់ជាមួយពលរដ្ឋឱ្យជិតស្និត ហើយចុះទៅតាមមូលដ្ឋានផ្ទាល់ដើម្បីដឹងសុខទុក្ខរបស់ពួកគាត់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print