ភ្នំពេញ : នាថ្ងៃអង្គារទី២២ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការត្រៀមចុះធ្វើសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២១ និងឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយករង រួមទាំងសមាជិកគណៈប្រតិភូសវនកម្មផ្ទៃក្នុង ជាច្រើនរូបទៀត តាមប្រព័ន្ធអនឡាញហ្សូម(Zoom )។
ជាកិច្ចចាប់ផ្តើម លោក រដ្ឋលេខាធិការ មានមតិស្វាគមន៍យ៉ាងជ្រាវជ្រៅចំពោះ លោកអគ្គនាយក អគ្គនាយករង លោកស្រី និងសមាជិកគណៈប្រតិភូសវនកម្មផ្ទៃក្នុង ដែលបានចំណាយពេលវេលាមានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។
បន្ថែមពីនេះទៀត លោក រដ្ឋលេខាធិការទទួលបន្ទុកបានលើកឡើងថា ក្រុមគណៈប្រតិភូសវនកម្មផ្ទៃក្នុង ធ្វើយ៉ាងណាក្នុងការចុះធ្វើសវនកម្មឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈជាសវនករ ដោយគោរពតាមអនុក្រឹត្យលេខ១០៩ និងសេចក្តីណែនាំរបស់សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រួតពិនិត្យលើការតម្លើងឋានន្តរស័ក្កិ៍ តួនាទី មិនបានត្រឹមត្រូវតាមនិតិវិធី។
លោក បានមានប្រសាសន៍បន្តទៀតថា ការចុះធ្វើសវនកម្ម ផ្អែកលើគោលការណ៍សំខាន់៣គឺ
១.ត្រួតពិនិត្យបុគ្គលិក
២.ត្រួតពិនិត្យហិរញ្ញវត្ថុ
៣.ត្រួតពិនិត្យទ្រព្យសម្បត្តិរដ្ឋ
លោកបានបញ្ជាក់ថា ក្រុមគណៈប្រតិភូសវនកម្ម ជាស្នូលដ៏សំខាន់ នឹងជាសេនាធិកាជូនសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយសម្តេចក្រឡាហោមក៏មានមតិផ្តាំផ្ញើតាមរយះឯកឧត្តម រដ្ឋលេខាធិកាទទួលបន្ទុក បានកោតសសើរនូវការខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមកទទួលបានលទ្ធផលច្រើន។ ឯកឧត្តម ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំអគ្គនាយកសវនកម្មផ្ទៃក្នុង មានការសាមគ្គីភាពផ្ទៃក្នុងល្អផងដែរ។
ជាកិច្ចបន្ទាប់ លោក អគ្គនាយក នឹងសមាជិកគណៈប្រតិភូ បានលើកឡើងពីសំណូមពរ និងបញ្ហាប្រឈម ដែលជួបប្រទះកន្លងមកដើម្បីដោះស្រាយរួមគ្នា ជៀសវាងជួបផលលំបាកក្នុងពេលចុះធ្វើសវនកម្ម នាពេលខាងមុខនេះ
ជាចុងបញ្ចប់ លោក រដ្ឋលេខាធិការ ទទួលបន្ទុកជូនពរដល់ថ្នាក់ដឹកនាំ លោក លោកស្រី សមាជិក គណៈប្រតិភូសវនកម្មផ្ទៃក្នុងទាំងអស់ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជម្ងឺកូវិត១៩ ដែលកំពុងរាតត្បាតពេញពិភពលោក៕