ភ្នំពេញ : នៅរសៀល ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយដែលបានអញ្ជើញមកចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាថ្ងៃនេះ។ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្មដែលបាន ខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ ហើយសម្រេចបានសមិទ្ធផល ជាច្រើនក្នុង វិស័យកសិកម្ម។
នៅក្នុងឱកាសនោះ សម្តេចតេជោនាយកដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ចំនួន១១ចំនុចសម្រាប់អនុវត្តបន្ត រួមមាន ៖
១-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់-ព័ន្ធនានាត្រូវខិតខំអនុវត្ត “គោលយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២១-២០៣០” ក្រោមកិច្ចសម្របសម្រួលពីគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណ:ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមានចីរភាព ។ ជាមួយគ្នានេះ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំផែនការសកម្មភាពដើម្បី អនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតី-ភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣” ។
២-លើកកម្ពស់ផលិតកម្មដំណាំដែលមានសក្តានុពល និងតម្រូវការទីផ្សារ តាមរយ:ការជំរុញឧស្សាហកម្មពូជដំណាំ ពង្រឹងការត្រួតពិនិត្យ និងបញ្ជាក់គុណភាពពូជដំណាំ និងធាតុចូលកសិកម្ម ការផ្តល់សេវាបច្ចេកទេសកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីៗ ពង្រឹងសមត្ថភាពសហគមន៍កសិកម្មឱ្យមានលក្ខណៈជាអាជីព កែលម្អសមត្ថភាពកសិដ្ឋាន ស្ថានីយ-ពិសោធន៍ និងប្រែក្លាយមជ្ឈមណ្ឌលអភិវឌ្ឍកសិកម្មទៅជា “មជ្ឈមណ្ឌលឧត្តមភាពកសិកម្ម” សម្រាប់ផ្សព្វផ្សាយបចេ្ចកទេសកសិកម្មឱ្យបានទូលំទូលាយទូទាំងប្រទេស ។
៣-ត្រូវបន្តបង្កើនផលិតភាពដំណាំកៅស៊ូធម្មជាតិពង្រឹង និងពង្រីកសហគមន៍កសិករកៅស៊ូគ្រួសារ ដើម្បីបង្កើនកាលានុវត្តភាពក្នុងការការពារផលប្រយោជន៍កសិករ ជំរុញវិនិយោគលើការកែច្នៃផលិតផលកៅស៊ូ ដើម្បីបង្កើនតម្លៃបន្ថែម ត្រួតពិនិត្យការនាំចេញខុសច្បាប់នូវជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ ព្រមទាំងជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្នាំ ២០៣០ សំដៅពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍដំណាំកៅស៊ូកម្ពុជាប្រកបដោយចីរភាព ។
៤-ត្រូវពង្រឹងការអនុវត្តវិធានការការពារដំណាំ និងជំរុញ ការអនុវត្ត “ច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ”ដូច្នេះគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត សមត្ថកិច្ចគយ និងរដ្ឋាករនៅច្រកព្រំដែនត្រូវសហការជាមួយជំនាញអនាម័យ និងភូតគាមអនាម័យ ជំរុញការចុះហត្ថលេខាលើពិធីសារអនាម័យ និងភូតគាមអនាម័យ សម្រាប់នាំចេញផលិតផលកសិកម្មដែលមានតម្រូវការទីផ្សារ និងត្រូវពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព សុវត្ថិភាពកសិផល និងធាតុចូលកសិកម្មស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ។
៥-ត្រូវបន្តយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ខ្សែច្រវាក់ផលិតកម្មសត្វសំខាន់ៗ សំដៅធ្វើឱ្យប្រសើរឡើងនូវ ផលិតភាពនៃផលិតកម្មសត្វ បង្កើនវិនិយោគលើការរៀបចំបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជគោ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍វិភាគជំងឺសត្វ បង្កើតស្ថានីយចត្តាឡីស័ក និងរៀបចំមជ្ឈមណ្ឌលផលិត វ៉ាក់សាំងសត្វ ជាមួយនឹងការលើកទឹកចិត្តវិស័យឯកជន ដើម្បីវិនិយោគបន្ថែមទៀត នូវរោងចក្រផលិតចំណីសត្វ ដើម្បីកាត់បន្ថយការនាំចូលចំណីសត្វផ្សំរួចពីបរទេស ។
៦-ត្រូវបន្តជំរុញនិងលើកកម្ពស់ការអភិវឌ្ឍវារីវប្បកម្មគ្រប់រូបភាព ប្រកបដោយប្រសិទ្ធភាពស្របតាម “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ ២០១៦-២០៣០” ដើម្បីធានាបាននូវការផ្គត់ផ្គង់សាច់ត្រីក្នុងស្រុក និងនាំចេញប្រកបដោយគុណភាព សុវត្ថិភាព និងរក្សាបានការប្រកួតប្រជែងតម្លៃទីផ្សារ ។ ត្រូវពង្រឹងសមត្ថភាពសហគមន៍នេសាទឱ្យក្លាយជាសហគមន៍នេសាទគ្មាន បទល្មើសជលផល ។ ត្រូវពង្រឹងការគ្រប់គ្រង និងការពារកន្លែងអភិរក្សជលផល ត្រូវថែរក្សាការពារព្រៃលិចទឹក និងព្រៃកោងកាងឱ្យបានគង់វង្ស និងត្រូវមានវិធានការប្រកបដោយតម្លាភាព រាល់ការធ្វើពាណិជ្ជកម្មខុសច្បាប់ប្រភេទធនធានជលផល ។ ត្រូវបញ្ចប់ ការរៀបចំវិសោធនកម្មច្បាប់ស្តីពីជលផល ដើម្បីពង្រឹងការគ្រប់គ្រង និងអនុវត្តអនុវិស័យជលផល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការនេសាទល្មើសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ។
ត្រង់ចំនុចទី៦នេះ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាអោយអាជ្ញាធរ ជាពិសេសអភិបាលខេត្តតាមដងទន្លេសាបទាំងអស់ ត្រូវអនុវត្តបញ្ជារបស់សម្តេចក្នុងការកម្ចាត់ក្រុមឈ្មួញទុចរិតដែលបំផ្លាញត្រីលើបឹងទន្លេសាបឲ្យអស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យទូរទស្សន៍ជាតិកម្ពុជា សហការជាមួយទូរទស្សន៍ឯកជននានា ចាក់ផ្សាយឡើងវិញ នូវប្រសាសន៍របស់សម្តេច ដែលអត្ថាធិប្បាយលើការបញ្ជាឱ្យលុបបំបាត់ឡូតិ៍នេសាទ កាលពីប៉ុន្មានឆ្នាំកន្លងទៅ។ សម្តេចតេជោបានថ្លែងថា មិនមែនព្រោះតែហេតុផលបង្ក្រាបបទល្មើសនេសាទមិនបាន យកលេសចង់បង្កើតឡូតិ៍នេសាទ ដែលសម្តេចបានលុបចោលនោះទេ។ ទាក់ទងនឹងបទបញ្ជាបទល្មើសនេសាទនេះផងដែរ សម្តេចតេជោក៏បានណែនាំឱ្យប្រើឧទ្ធម្ភាគចក្រផងដែរ ក្នុងប្រតិបត្តិការបង្ក្រាបពួកល្មើសនេសាទនោះ។ សម្តេចតេជោបានមានប្រសាសន៍ថា កន្លងមកសមត្ថកិច្ចបង្ក្រាបបានតែបទល្មើសតូចតាចតែប៉ុណ្ណោះ តែបទល្មើសធំៗបង្ក្រាបអត់ដែលបាននោះទេ។ ទន្ទឹមនឹងនោះសម្តេចតេជោក៏បានថ្លែងផងដែរថា បទល្មើសព្រៃឈើក៏ដូចគ្នាដែរ បង្ក្រាបបានតែបទល្មើសព្រៃឈើតូចតាច តែបទល្មើសធំបង្ក្រាបអត់បានទេ។ ដូច្នេះ សម្តេចតេជោបានចេញបទបញ្ជានៅថ្ងៃនេះជាបន្តទៀត ដើម្បីអោយបង្រ្កាបបទល្មើសនេសាទនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ។
៧-ត្រូវបន្តពង្រឹង និងពង្រីកសហគមន៍ព្រៃឈើ តាមរយៈ ប្រព័ន្ធកសិ-រុក្ខកម្ម និងការចិញ្ចឹមសត្វ ការគ្រប់គ្រងធនធាន ព្រៃឈើ និងសត្វព្រៃ ការស្តារព្រៃឈើឡើងវិញ ការបន្តធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើជាមួយនឹងការចូលរួមគាំទ្រការធានាចីរភាពបរិស្ថានស្របតាមគោលការណ៍ “ អភិវឌ្ឍបៃតង ” ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ សំដៅកាត់បន្ថយផលអវិជ្ជមានជាអតិបរមា មកលើកំណើនសេដ្ឋកិច្ច និងជីវភាពសង្គម ។
៨-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវរួមសហការស្រាវជ្រាវ ទប់ស្កាត់ និង បង្រ្កាបបទល្មើសព្រៃឈើ ជលផល និងការកាប់រានដុតឈូសឆាយដីព្រៃឈើ ព្រៃលិចទឹកតាមគ្រប់រូបភាព ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ត្រូវចេះយោគយល់ សម្របសម្រួល និងសហការគ្នាជិតស្និទ្ធ ដើម្បីប្រសិទ្ធភាពការងារក្រសួងសាមី និងរាជរដ្ឋាភិបាល ។
៩-ត្រូវលើកកម្ពស់ការចូលរួមវិនិយោគពីវិស័យឯកជន ក្នុងគ្រប់ខ្សែច្រវាក់តម្លៃកសិកម្ម បង្កើតតំបន់កសិ-ឧស្សាហកម្មកែច្នៃសម្រាប់នាំចេញ ពង្រីកយន្តការអនុវត្ត “ផលិតកម្មកសិកម្មតាម កិច្ចសន្យា”ឱ្យបានកាន់តែទូលំទូលាយ។ស្ថាប័នពាក់ព័ន្ធធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវសហការគ្នាក្នុងការផ្តល់ឥណទានដល់សហគ្រាសកែច្នៃកសិ- ផលធុនតូច និងមធ្យម ដែលរាជរដ្ឋាភិបាលទើបធ្វើការផ្សព្វ- ផ្សាយស្តីពីការប្រើប្រាស់មូលនិធិបន្ថែមថ្មីចំនួន ១០០ លានដុល្លារអាមេរិក ។
១០-ត្រូវពន្លឿនការរៀបចំ និងកែទម្រង់រចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងវិស័យកសិកម្ម លើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍ បច្ចេកវិទ្យាកសិកម្មទំនើប បង្កើនផលិតភាព និងពិពិធកម្មកសិកម្ម ដើម្បីគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភ អភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹងនិងអភិវឌ្ឍជំនាញឌីជីថល លើកកម្ពស់វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ប្រែក្លាយមន្ទីរពិសោធន៍តាមអនុវិស័យនីមួយៗ តាមស្តង់ដារ ISO និងចូលរួមដើម្បីបង្កើតបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជានាអនាគត ។
១១-ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជិតខាង និងបណ្តាប្រទេសដៃគូអភិវឌ្ឍនានាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអនុតំបន់ ដើម្បីកៀរគរជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសថ្មីៗ សំដៅបន្តការធ្វើទំនើបភាវូបនីយកម្មកសិកម្ម ជាមួយនឹងការស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្មឱ្យបានទូលំទូលាយជាមួយប្រទេសនានា ក្នុងបរិការណ៍នៃសកលភាវូបនីយកម្ម ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជាជាសសរទ្រូងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ៕
ដោយ : សូរិយា