សារសម្តេចតេជោ ក្រោមប្រធានបទ «វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាតជំងឺ របេងគឺសង្គ្រោះជីវិត»

ចែករំលែក៖

ភ្នំពេញ : សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាតជំងឺ របេងគឺសង្គ្រោះជីវិត»។
សារលិខិត

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២

-សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ!
-សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល!
-ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ! -បងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន!

ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវការអបអរសាទរជាមួយប្រជាជាតិ ទាំងអស់ក្នុងពិភពលោកក្នុងឱកាសនៃការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ដែលប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ “វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាតជំងឺរបងគឺសង្គ្រោះ ជីវិត- (Invest to End TB. Save Lives)។ ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយ និង បំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់អំពីទំហំនៃបញ្ហានិងផលវិបាកនៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្ដីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។

ស្ថិតក្នុងឱកាសដ៏ប្រពៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក៏សូមសម្ដែងនូវសេចក្តីរីករាយយ៉ាងខ្លាំង ដោយ ព្រះរាជាណាចក្រកម្ពុជាយើងបានសម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកាលពី២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមាន អ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លីកម្ពុជាបានក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោកចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាព។ លទ្ធផលដ៏គាប់ ប្រសើរនេះបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាលបាន ពង្រីកសេវាពិនិត្យនិងព្យាបាលជំងឺរបេងតាមយុទ្ធសាស្ត្រដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ផងដែរនៅទូទាំងប្រទេស។

យើងក៏បានធ្វើការស្រាវជ្រាវ និងការព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតបង់ថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជា យើងមានការធ្លាក់ចុះយ៉ាងខ្លាំងច្រើនជាងប្រទេសដទៃ ជាក់ស្ដែងអត្រាស្លាប់បានថយចុះពី ៤២ករណី ក្នុង ចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២០ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២០ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥២%។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះ ពី៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់ ២៧៤ករណី ក្នុងចំណោម ប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២០ ដែលស្មើនឹង ៥៣%។ កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍ សហស្សវត្សពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងនេះរួចហើយ នៅមុនកាលកំណត់ ៤ឆ្នាំ។ ជោគជ័យរបស់កម្ពុជាក្នុងការកំចាត់ជំងឺរបេង គឺជាស្នាដៃមួយដែលមានប្រទេសក្នុងចំនួនតិចតួចប៉ុណ្ណោះ អាចសម្រេចបាន។

ទោះបីជាយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ យល់ថាប្រទេស

កម្ពុជាយើងនៅមានអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេស
មួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយ ដែលនៅពុំទាន់បានទទួលសេវា។ បញ្ហានេះតម្រូវឱ្យយើង
ត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឱ្យបានកាន់តែច្រើនថែម
ទៀតនូវអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជា និងសកលលោក។

ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្ត និងរួមគ្នាជំរុញបន្ថែមការយកចិត្តទុកដាក់លើបញ្ហាជំងឺ របេង ដោយយើងមិនអាចមើលរំលងនូវចំណុចសេសសល់នេះបានឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅនិងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។ ប្រសិនបើប្រជាពលរដ្ឋមានសុខុមាលភាព ល្អនឹងនាំឱ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង និងបង្កើនផលិតភាព ដែលនឹងនាំមកនូវភាពរីកចម្រើនរុងរឿង។ យើងអាចនិយាយបានមួយបែបទៀតថា ការបន្តរីកលូតលាស់សេដ្ឋកិច្ច របស់កម្ពុជាគឺអាស្រ័យលើសុខភាពនិងសុខុមាលភាពរបស់ប្រជាជន ពិសេសប្រជាជនក្មេងៗដែលជាអនាគត របស់ប្រទេស។

យើងមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលបានលើកឡើងនៅក្នុងឆ្នាំនេះ ដែលបានសង្កត់ធ្ងន់ឱ្យ ពិភពលោកទាំងមូលត្រូវដាក់ទុនថែម ព្រមទាំងរួបរួមគ្នាបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសដើម្បីជំរុញឱ្យមានសេវាថែទាំ បង្កើនការស្រាវជ្រាវនិងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែង និង សម្រាប់ជនគ្រប់រូប ដែលតាមការប៉ាន់ស្មាននៅក្នុងពិភពលោក ក្នុងមួយឆ្នាំៗមានប្រជាជនប្រមាណ ១០លាននាក់ កើតជំងឺរបេង ប៉ុន្តែអ្នកជំងឺប្រហែល ៣លាននាក់ ក្នុងមួយឆ្នាំៗពុំទាន់បានទទួលសេវាថែទាំនិងព្យាបាលនៅឡើយ។ លើសពីនេះទៀត ជំងឺរបេងនៅតែឆក់យកអាយុជីវិតមនុស្សក្នុងមួយឆ្នាំៗប្រមាណ ១ ៤០០ ០០០នាក់។

យើងរំពឹងថា ប្រធានបទនេះនឹងសំដៅជំរុញការស្រាវជ្រាវរកឱ្យឃើញនិងព្យាបាលឱ្យជាសះស្បើយដល់ អ្នកជំងឺរបេងប្រមាណ ៣លាននាក់ នៅក្នុងពិភពលោក ដែលពុំទាន់បានទទួលសេវា។ ដូច្នេះ យុទ្ធនាការទិវា របេងពិភពលោកឆ្នាំ២០២២នេះ នឹងបន្តបំផុសឱ្យមនុស្សទាំងឡាយនៅលើសកលលោកឱ្យមានការយល់ដឹង បន្ថែម និងធ្វើសកម្មភាពដោយរួមគ្នានឹងមានលក្ខណៈសកម្មជាងមុន ដើម្បីឱ្យអ្នកសង្ស័យកើតជំងឺរបេងគ្រប់គ្នា ទទួលបាននូវការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលានិងព្យាបាលជាសះស្បើយ ហើយនៅថ្ងៃអនាគត យើងនឹងឃើញ ពិភពលោកមួយដែលគ្មានជំងឺរបេងនិងគ្មានអ្នកស្លាប់ដោយសារជំងឺរបេងទៀតទេ។
ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់ សកម្មភាពទាំងឡាយ ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញនិងបំផុសការយល់ដឹងជាសាធារណៈឱ្យកាន់តែ ទំលំទូលាយនៅទូទាំងប្រទេស រាប់បញ្ចូលទាំងនៅតាមទីជនបទ ដើម្បីផ្លាស់ប្ដូរផ្នត់គំនិតនិងទំលាប់ប្រជាពលរដ្ឋ ក្នុងការរើសអើងអ្នកជំងឺ និងការប្រតិបត្តិលើការរស់នៅគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីគេចចេញ ពីជំងឺនេះ ជាពិសេសការស្វែងរកការថែទាំព្យាបាល រួមទាំងការបង្ការជំងឺឱ្យទាន់ពេលវេលា ពីព្រោះជំងឺរបេង នេះបាននិងកំពុងធ្វើឱ្យមនុស្សជាតិមានការខាតបង់យ៉ាងច្រើន រួមទាំងការប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងជាពិសេស អាយុជីវិត។ កិច្ចការនេះនឹងរួមចំណែកយ៉ាងសកម្មផុលផុសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនេះ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស រួមទាំងមន្ត្រីបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស និងប្រជាជនគ្រប់រូប ដែលបាន ចូលរួមចំណែកធ្វើឱ្យសម្រេចជោគជ័យនូវសមិទ្ធផលការងារកំចាត់រោគរបេងក្នុងពេលកន្លងមក និងសូមសម្ដែង នូវការគាំទ្រយ៉ាងពេញទំហឹងជាថ្មីម្ដងទៀតដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេងក្នុងព្រះរាជាណាចក្រកម្ពុជាក៏ ដូចជានៅទូទាំងសកលលោក។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមអំពាវនាវនិងជំរុញគ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិនិងអន្តរជាតិ ដៃគូអភិវឌ្ឍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការស្វែងយល់និងជ្រួតជ្រាប ព្រមទាំងត្រូវបន្តចូលរួមចំណែកនិងគាំទ្រដល់ការលើកកម្ពស់ការងារលុបបំបាត់ជំងឺរបេង ក្នុងបុព្វហេតុ មិនត្រឹមត រួមចំណែកលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សេដ្ឋកិច្ច សេចក្តីថ្លៃថ្នូរ ឧត្តមភាព និងកិត្យានុភាពរបស់កម្ពុជាទៀតផង។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ មានភាពជឿជាក់ថា កម្ពុជានឹងបន្តដំណើរឆ្ពោះទៅមុខលើមូលដ្ឋានមួយកាន់តែរឹងមាំ ទូលំទូលាយ និងកាន់តែមានភាពម្ចាស់ការ ព្រមទាំងសម្រេចបានទិសដៅតាមផែនការដែលបានកំណត់។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា សូមឧទ្ទិសឱ្យខ្លឹមសារនិងអត្ថន័យនៃទិវាពិភពលោកកំចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្រោមប្រធានបទ “វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាតជំងឺរបេង គឺ សង្គ្រោះជីវិត” ក្លាយទៅជាការអនុវត្តជាក់ស្ដែង ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាយើងអាចធ្វើដំណើរឆ្ពោះ ទៅកាន់អនាគតដ៏ភ្លឺស្វាងត្រចះត្រចង់និងជាទឹកដីមួយដែលគ្មានជំងឺរបេង។ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្វាយព្រះពរ និងប្រគេនពរ សម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរសម្តេច ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនកូនក្មួយជនរួមជាតិទាំងអស់សូមប្រកបដោយពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print