ថ្នាក់ដឹកនាំគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកអន្តរជាតិបាននិយាយថា អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤សង្ឃឹមថានឹងលក់សំបុត្រចំនួន១០លានសន្លឹកសម្រាប់ការប្រកួតកីឡាអូឡាំពិក ខណៈចំនួន៣.៤លានសំបុត្រសម្រាប់ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក។
ព្រឹត្តិកាណ៍កីឡាអូឡាំពិកទីក្រុងឡុងកាលពីឆ្នាំ២០១២បានដាក់លក់សំបុត្រតិចជាង៩លានសន្លឹក ហើយលក់បានប្រហែល៨.២លានសំបុត្រ ខណៈព្រឹត្តិកាណ៍កីឡាអូឡាំពិកទីក្រុង Atlanta កាលពីឆ្នាំ១៩៩៦លក់បានប្រហែល៨.៣លានសំបុត្រ ក្នុងចំណោម១១លានសំបុត្រ។អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤បានឲ្យដឹងថា “យើងនឹងមានសំបុត្រចំនួន១៣.៤លានសន្លឹកសម្រាប់លក់។ ១០លានសម្រាប់កីឡាអូឡាំពិក និង៣.៤សំបុត្រសម្រាប់ប៉ារ៉ាឡាំពិក។ យើងជឿថា ព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤នឹងមានតែមួយគត់។ កម្មវិធីលក់សំបុត្រតំណាងឱ្យមួយភាគបីនៃប្រាក់ចំណូលរបស់យើង ដូច្នេះវាពិតជាមានសារសំខាន់សម្រាប់ពួកយើងក្នុងការបង្កើនកម្មវិធីនេះឱ្យបានអតិបរមា”។អ្នករៀបចំកម្មវិធីបានបន្តថា “សំបុត្រថោកបំផុតសម្រាប់កីឡាអូឡាំពិកនឹងត្រូវចំណាយអស់២៤អឺរ៉ូ (២៦.៥៣ដុល្លារអាមេរិក) និង១៥អឺរ៉ូសម្រាប់កីឡាប៉ារ៉ាឡាំពិក។ យើងចង់មានកម្មវិធីលក់សំបុត្រដែលចាប់ផ្តើមពីសំបុត្រក្នុងតម្លៃ២៤អឺរ៉ូសម្រាប់កីឡាទាំងអស់ វានឹងតំណាងឱ្យជាង១លានសំបុត្រក្នុងតម្លៃនេះ។ នេះគឺជាការសន្យាដ៏ជាក់លាក់មួយ ដើម្បីផ្តល់សិទ្ធិចូលលេងកីឡាអូឡាំពិកទាំងអស់ ខណៈដែលសំបុត្រពាក់កណ្តាលនឹងមានតម្លៃក្រោម៥០អឺរ៉ូ”។
បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន មានសំណួរថា តើការចុះឈ្មោះនឹងត្រូវបានរឹតបន្តឹងសម្រាប់ពលរដ្ឋរុស្ស៊ី ឬបេឡារូសឬទេ? អ្នករៀបចំបានបញ្ជាក់ថា “យើងនឹងពិភាក្សាវានៅក្នុងប៉ុន្មានខែខាងមុខនេះ ប៉ុន្តែយើងនៅតែមានពេលវេលាដើម្បីសម្រេចចិត្ត” ៕ (រូបភាព ៖ Reuters/CNA)