ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយបេក្ខភាពពេញសិទ្ធិ និងបម្រុង ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ និង គណៈសាខាបក្សភូមិទាំង១១ ដើម្បីចាត់តាំងអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នាពេលខាងមុខនេះ។
ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក ស ថេត ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់បឹងទំពន់ទី១ ,លោក ឌី រ័ត្នខេមរុណ អនុប្រធានទី១ ក្រុមការងារចុះជួយ មូលដ្ឋានសង្កាត់បឹងទំពន់ទី១ ,លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់បឹងទំពន់ទី១ ,លោក សួស សារិន អនុប្រធានប្រចាំការ ក្រុមការងាចុះជួយសង្កាត់បឹងទំពន់ទី១ និងជាប្រធានគណៈកម្មាធិការគណបក្សសង្កាត់បឹងទំពន់ទី១ ,លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារចុះជួយសង្កាត់បឹងទំពន់ទី១ ,លោក លោកស្រី ក្រុមប្រឹក្សាសង្កាត់បឹងទំពន់ទី១ ,និងលោក លោកស្រី ប្រធានសាខាបក្សភូមិទាំង១១ ។
នាឱកាសនោះលោក ប៉ា សុជាតិវង្ស បានថ្លែងថា៖ គណបក្សប្រជាជនយើងឈ្នះឆ្នោត ផ្អែកលើបរិមាណ គុណភាព សមាជិកបក្ស និងអំពើល្អរបស់មន្រ្តី។
ក្រោយពីសំណេះសំណាលរួចមក លោក ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌមានជ័យ បានឧបត្ថម្ភនូវទឹកប្រាក់ បេក្ខភាពឈរឈ្មោះ ចំនួន ៣៥ នាក់ ទាំងពេញសិទ្ធិ ១១ នាក់ និង បម្រុង ២៤ នាក់ ក្នុងមា្នក់ទទួលបាន ១០ ម៉ឺនរៀល និង សាខាបក្សភូមិទាំង១១ ដោយ ១ភូមិ ០៣នាក់ ក្នុងមួយនាក់ ទទួលបាន ៨ម៉ឺនរៀល ផងដែរ៕
ដោយ៖សហការី