ប្រាក់ ruble របស់រុស្ស៊ីបានកើនឡើងវិញហើយ គឺជិត៩៥ ruble ស្មើនឹង១ដុល្លារអាមេរិកនៅថ្ងៃទី២៣ ខែមីនា គឺឡើងខ្ពស់បំផុតមិនធ្លាប់មានក្រោយរយៈពេល ៣សប្តាហ៍កន្លងមក ។ ប្រាក់រុស្ស៊ីឡើងថ្លៃក្រោយពេលប្រធានាធិបតី
ពូទីន ប្រកាសថា នឹងទទួលទូទាត់តម្លៃប្រេងតាមរយៈប្រាក់រុស្ស៊ីចំពោះប្រទេសដែលមិនមានភាពជិតស្និទ្ធជាមួយរុស្ស៊ី។
នៅក្នុងទីក្រុងមូស្គូ តម្លៃប្រាក់ ruble ឡើងថ្លៃត្រឹមតែ៩៤,៩៨ ruble ស្មើ១ដុល្លារអាមេរិក ។ ចំណែកមុនមួយថ្ងៃមានតម្លៃដល់ទៅ ៩៧,៧៣ ruble ស្មើ១ដុល្លារ។ បើប្រៀបធៀបនឹងប្រាក់អឺរ៉ូ ១អឺរ៉ូស្មើនឹង ១០៨,០១ ruble នៅលើទីផ្សារទីក្រុងមូស្គូ ។
កាលពីដើមខែមីនា ប្រាក់ruble របស់រុស្ស៊ីបានធ្លាក់ថ្លៃយ៉ាងខ្លាំងមិនធ្លាប់មានក្រោយការដាក់ទណ្ឌកម្មពីអាមេរិកនិងសម្ពន្ធមិត្ត ។ ក្នុងពេលនោះ១ដុល្លារអាមេរិកស្មើនឹង១៣២ruble និង ១អឺរ៉ូ ស្មើនឹង ១៤៧ ruble។
តម្លៃប្រាក់រុស្ស៊ីល្អឡើងវិញ ក្រោយពេលប្រធានាធិបតីពូទីនចេញបទបញ្ជាថ្មី រាល់ប្រទេសដែលទិញប្រេងពីរុស្ស៊ី (ប្រទេសមិនមានភាពជិតស្និទ្ធ មានសហគមន៍អឺរ៉ុប២៧ប្រទេស និងអាមេរិក អូស្ត្រាលី កាណាដា អង់គ្លេស
ម៉ូណាកូ ម៉ិចស៊ីកូ ជប៉ុន កូរ៉េខាងត្បូង ស្វុីស សិង្ហបុរី…) គឺត្រូវតែប្រើប្រាស់ប្រាក់ ruble របស់រុស្ស៊ីសម្រាប់ទូទាំងតម្លៃប្រេង។
ប្រធានាធិបតីពូទីន បានផ្តល់ឱ្យធនាគារជាតិ និងស្ថាប័នរដ្ឋាភិបាល ណែនាំការទិញដូរថាមពលជាមួយប្រទេសអឺរ៉ុបតាមរយៈប្រាក់ ruble។ ជាមួយគ្នានេះក្រុមហ៊ុនGazprom ក៏នឹងកែទម្រង់កិច្ចព្រមព្រៀង ជាមួយអឺរ៉ុប ពីការប្រើប្រាស់ប្រាក់ ruble វិញ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ អង្គការអវកាស Roscosmos របស់រុស្ស៊ី ក៏បានប្រកាសដល់ដៃគូបរទេសគឺត្រូវតែទូទាត់ប្រាក់ដោយប្រើប្រាស់ប្រាក់ ruble។ ការណ៍ដែលរុស្ស៊ីមិនប្រើប្រាស់ប្រាក់ដុល្លារ ឬប្រាក់អឺរ៉ូ សម្រាប់វិស័យពាណិជ្ជកម្ម គឺនឹងជួយដល់ប្រទេសរុស្ស៊ីគេចផុតពីការដាក់ទណ្ឌកម្ម ឬបង្កកប្រាក់ពីបណ្តាប្រទេសលោកខាងលិច ៕ ដោយធីរីណា
រូបថត :https://kinhtexaydung.petrotimes.vn/