ភ្នំពេញ៖ នៅក្នុងសារលិខិតនៅទិវាពិភពលោកកំចាត់រោគរបេងដែលប្រព្រឹត្តទៅនៅថ្ងៃទី 24 ខែមីនា 2022 នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តរួមគ្នាឲ្យកាន់តែសកម្មបន្ថែមទៀត ក្នុងការលុបបំបាត់នូវជំងឺរបេង បើទោះបីជាបច្ចុប្បន្ននេះប្រទេសកម្ពុជា មានការធ្លាក់ចុះច្រើនជាងប្រទេសដទៃចំពោះអ្នកឆ្លងនូវមេរោគរបេងក៏ដោយ។
តាមរយៈសាលិខិតក្នុងឱកាស នៃការប្រារព្ធទិវាពិភព លោកកំចាត់រោគរបេងឆ្នាំនេះក្រោមប្រធានបទ “វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាតជំងឺរបេង គឺសង្គ្រោះជីវិត” (Invest to End TB. Save Lives) សម្តេចតេជោបានថ្លែងថា សូមអំពាវនាវ និងជំរុញដល់គ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការស្វែងយល់ និងជ្រួតជ្រាប ព្រមទាំងត្រូវបន្តចូលរួមចំណែក និងគាំទ្រដល់ការលើកកម្ពស់ការងារលុបបំបាត់ជំងឺរបេងក្នុងបុព្វហេតុ មិនត្រឹមតែរួមចំណែក លើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សេដ្ឋកិច្ច សេចក្តីថ្លៃថ្នូរ ឧត្តមភាព និងកិត្យានុភាពរបស់កម្ពុជាទៀតផង។
ក្នុងនាមរាជរដ្ឋាភិបាលសម្តេច «សូមសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំង ដោយព្រះរាជាណាចក្រកម្ពុជាបាន សម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លង មកនេះ ខណៈដែលកាលពី២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រា អ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លីកម្ពុជាបានក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោកចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។ លទ្ធផលដ៏គាប់ប្រសើរនេះបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាលបាន ពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេងតាមយុទ្ធសាស្ត្រដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ផងដែរនៅទូទាំងប្រទេស»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមទៀតថា ខណៈដែលប្រទេសកម្ពុជាព្យាបាលជំងឺរបេងជូនប្រជាជនដោយឥតបង់ថ្លៃ ដែលកិច្ចការនេះ មានការរីកចម្រើនគួរឱ្យកត់ សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងក្នុងប្រទេសកម្ពុជាយើងមានការធ្លាក់ចុះយ៉ាងខ្លាំង ច្រើនជាងប្រទេសដទៃ។
ជាឧទាហរណ៍ជាក់ស្តែងអត្រាស្លាប់បានថយចុះពី ៤២ ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២០ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២០ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥២%។ រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះ ពី៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់ ២៧៤ករណី ក្នុងចំណោម ប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២០ ដែលស្មើនឹង ៥៣%។ កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍ សហស្សវត្សពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងនេះរួចហើយ នៅមុនកាលកំណត់ ៤ឆ្នាំ។ ជោគជ័យរបស់កម្ពុជាក្នុងការកំចាត់ជំងឺរបេង គឺជាស្នាដៃមួយដែលមានប្រទេសក្នុងចំនួនតិចតួចប៉ុណ្ណោះ អាចសម្រេចបាន។
ទោះបីជាកម្ពុជាមានអត្រាធ្លាក់ចុះច្រើនជំងឺរបេងនេះក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅតែទាមទារឲ្យបងប្អូនជនរួមជាតិទាំងអស់រួមគ្នាបន្ថែមទៀតក្នុងការទប់ស្កាត់នៃជំងឺនេះ ខណៈប្រទេសកម្ពុជានៅមានអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេស មួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយ ដែលនៅពុំទាន់បានទទួលសេវា។ បញ្ហានេះតម្រូវឱ្យជនរួមជាតិទាំងអស់ ត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឱ្យបានកាន់តែច្រើនថែមទៀតនូវអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជា និងសកលលោកនោះ៕
ដោយ៖ សូរិយា