ខេត្តឧត្តរមានជ័យ៖ គ្រោងឆ្អឹងសត្វងាប់ចាស់ថ្មី ក្រោមស្នាដៃអន្ទាក់ព្រាន ត្រូវបានព្រះសង្ឃ និងកម្លាំងគណៈកម្មការ និងមន្ត្រីយោធាការពារតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន នៅខេត្តឧត្តរមានជ័យ ដើរចុះល្បាត បានប្រទះឃើញស្ថិតតំបន់ខាងលិចភ្នំភ្ជៀវ និងខាងជើងភ្នំស្វាយ ចុងប្រភពទឹកក្នុងព្រៃសន្លុង ភូមិគោលសំព័រ ឃុំលំទង ស្រុកអន្លង់វែង។
សូមជម្រាបថា គ្រោងឆ្អឹងសត្វងាប់ចាស់ថ្មីខាងលើនេះ កម្លាំងគណៈកម្មការ បានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍្តទី២៤ ខែមីនា ឆ្នាំ២០២២នេះថា៖ មានប្រភេទសត្វទន្សោងមួយក្បាល សត្វប្រើសមួយក្បាល, សត្វឈ្លូសមួយក្បាល ,ជាប់អន្ទាក់ព្រានទើបប្រលះយកចេញថ្មី បន្សល់ទុកចោលជើងមុខក្រោយចំនួន៤នៅកន្លែង ព្រមទាំងបានដើរសារអន្ទាក់ព្រានបានចំនួន៣៨អន្ទាក់ផងដែរ។
គួរបញ្ជាក់ថា តំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន មានផ្ទៃដីជាង៣ម៉ឺនហិកតា ស្ថិតនៅក្នុងស្រុកអន្លង់វែង ស្រុកចុងកាល់ និងក្រុងសំរោង។ បច្ចុប្បន្នតំបន់ដែនការពារមួយនេះសំបូរត្រីជីវចម្រុះ និងប្រភេទសត្វព្រៃកម្រជាច្រើន កំពុងរស់នៅ រួមមាន៖ សត្វខ្ទីង ,ទន្សោង ,ស្វា ,ប្រើស និងប្រភេទសត្វស្លាបចម្រុះជាច្រើនប្រភេទទៀត៕ដោយ៖សហការី