ខេត្តកំពង់ស្ពឺ : ការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៥១ ប្រវង ៣៧,៩៥ គ.ម ចាប់ពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤)
រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៥១ ប្រវែង ៣៧,៩៥ គ.ម ចាប់ ពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលស្ថិតនៅភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។
ដើម្បីឱ្យកម្មវិធីខាងលើនេះប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវសន្ដិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការបញ្ចៀសចរាចរណ៍ និងផ្អាកចរាចរណ៍ជា បណ្ដោះអាសន្ននៅជុំវិញទីតាំងប្រារព្ធពិធីចាប់ពី ម៉ោង០០៖០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ រហូតដល់ បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់ផ្លូវជាតិលេខ ៥១ ចាប់ពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤)។
អាស្រ័យហេតុនេះ សូម បងប្អូនប្រជាពលរដ្ឋ ព្រមទាំងសាធារណជន ដែលធ្វើដំណើរឆ្លងកាត់តាម ដងផ្លូវខាងលើមេត្តាជ្រាបយោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាម ការណែនាំរបស់សមត្ថកិច្ចចង្អុលបង្ហាញ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងបើកឱ្យចរាចរណ៍ជាធម្មតាវិញ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាល ស្រុកពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលាយ និងចាត់តាំងអនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់៕
ដោយ : សិលា