ភ្នំពេញ៖ ជនសង្ស័យចំនួន៣ នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ ពាក់ព័ន្ធបទល្មើសអំពើលួច ជាច្រើនករណី នៅភ្នំពេញនិងបណ្ដាលខេត្ត ។
សូមបញ្ជាក់ថា ជនសង្ស័យចំនួន៣ នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការបង្ហាញមុខជាសាធារណៈពាក់ព័ន្ធអំពើលួច ជាង២០ករណី បាត់បង់ម៉ូតូជាង៤០គ្រឿងនិងរថយន្តចំនួន០២គ្រឿង នៅរាជធានីភ្នំពេញនិងតាមបណ្ដាលខេត្ត។ ការធ្វើសិទ្ធសារព័ត៌មានបង្ហាញមុខជនសង្ស័យនេះធ្វើឡើងនាវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២២ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចបញ្ជូនខ្លួនជនសង្ស័យទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យទាំង៣នាក់ មាន ទី១ ឈ្មោះ ត្រឹម ធឿន ហៅឡេង ថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះជួលជួលលេខ៧អឺ ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែន ជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះ ជាមុខសញ្ញាចាស់ធ្លាប់ត្រូវបានអធិការដ្ឋាន នគរបាលខណ្ឌដង្កោចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ ជាប់ពន្ធនាគារម១ រយៈពេល ០១ ខែ ត្រូវបានដោះលែងវិញ ហើយបន្តធ្វើសកម្មភាពយ៉ាងសកម្មជាងមុន និងច្រើនករណីបន្ថែមទៀត។ ទី២-ឈ្មោះ ធី ហេង ហៅ ប៉ាអាប៉ូយ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះជួលជួលលេខ៧អឺ ផ្លូវលេខ៤២២ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែន ជ័យ រាជធានីភ្នំពេញ។ និងទី៣ ឈ្មោះ ស្លេះ បញ្ញា ហៅ កៃ ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ និងស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួរំលឹកផងដែរ កាលពីវេលាម៉ោង ០២និង១០នាទីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នគរបាលព្រហ្មទណ្ឌព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយនគរបាលអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៣នាក់ នៅចំណុចផ្ទះលេខ៧អឺ ផ្លូវលេខ៤២២ ក្រុម១ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែន ជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័បទល្មើស អំពើលួច(លួចម៉ូតូនិងរថយន្ត) ចំនួន ២០ ករណី បាត់បង់ម៉ូតូសរុប ចំនួន ៤៤គ្រឿង រថយន្តចំនួន០២ គ្រឿង ក្នុងនោះមាន នៅរាជធានីភ្នំពេញចំនួន ០៥ ករណី(ម៉ូតូចំនួន ២៥គ្រឿង) នៅខេត្តកំពត ចំនួន ៥ ករណី (ម៉ូតូចំនួន ៦គ្រឿង រថយន្តចំនួន ០២គ្រឿង) នៅខេត្តកំពង់ស្ពឺ ចំនួន ០៦ករណី (ម៉ូតូចំនួន ០៧គ្រឿង) និងនៅខេត្តតាកែវ ចំនួន ០៤ករណី (ម៉ូតូចំនួន ០៦គ្រឿង)។
នគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងនគរបាលបានដកហូតវត្ថុតាងម៉ូតូបានចំនួន១៤គ្រឿង រថយន្តចំនួន១គ្រឿង និងសម្ភារះសម្រាប់កាច់សោរកុងតាក់មួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកដល់សាលាដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕
ដោយ រ៉ារ៉ា