ខេត្តស្ទឹងត្រែង: ក្រុមទាហានឡាវដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ បានប្រទះឃើញក្រុមឧក្រិដ្ឋជនដឹកជញ្ជូនគ្រឿងញៀន៣គោយន្តកន្ត្រៃមានចំនួន៣០បេបម្រុងឆ្លងដែនចូលកម្ពុជាហើយក៏ស្ទាក់ឃាត់និងបង្ក្រាបបានទាន់ពេលនៅវេលាម៉ោង២ៈ០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចតាមបណ្តោយខ្សែភ្លើងលើដីឡាវចម្ងាយពីប៉ុស្តិ៍ដុងក្រឡចាស់ ជាប់ព្រំប្រទល់ត្រពាំងគ្រៀល ក្នុងភូមិរិទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
បើតាមប្រភពពីមន្ត្រីនគរបាល(BLO) ការពារព្រំដែនកម្ពុជា-ឡាវ ត្រពាំងគ្រៀល បានឱ្យដឹងថា ទាហានឡាវដើរល្បាតតាមបន្ទាត់ព្រំដែនឡាវ-កម្ពុជាដើម្បីទប់ស្កាត់ការនាំចូលរថយន្តគេចពន្ធពីកម្ពុជាចូលទៅក្នុងទឹកដីឡាវ ក៏បានប្រទះឃើញគោយន្តចំនួន៣គ្រឿងដឹកទំនិញវេចខ្ចប់ច្រកក្នុងបេសរុបចំនួន៣២បេ ពណ៌ខៀវ ក៏បានឆេកឆេរទៅទើបដឹងថាជាថ្នាំញៀន ប្រភេទ (K) បម្រុងដឹកឆ្លងដែនចូលកម្ពុជា។ ប្រភពពីមន្ត្រី (BLO) ដដែលនេះបានបន្តថា ដោយមានការយាមកាមតឹង
រុឹងរបស់សមត្ថកិច្ច និងទាហានឡាវដើរល្បាតទាំងយប់ទាំងថ្ងៃដោយបានរួមសហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែននិងទាហានការពារព្រំដែនកម្ពុជាយើងផងដែរដើម្បីទប់ស្កាត់រាល់ការនាំចេញរថយន្តគេចពន្ធពីប្រទេសកម្ពុជាយើងចូលទៅក្នុងប្រទេសឡាវផងដែរ។
ក្រោយការបង្ក្រាបគ្រឿងញៀនទាំង៣គោយន្តកន្ត្រៃខាងលើដែលទាហានឡាវបង្ក្រាបបាននោះរួចមកគឺ មិនអាចឃាត់មនុស្សបានទេ ដោយក្រុមឧក្រិដ្ឋជនទាំងនោះឃើញសភាពការណ៍មិនស្រួលបានដាក់មេប្រូចបាត់អស់ទៅ បន្សល់តែគោយន្ត៣គ្រឿង និងថ្នាំញៀន៣២បេ សរុប៦៤០គីឡូក្រាម។ បច្ចុប្បន្នមន្ត្រីជំនាញឡាវបានយកទៅរក្សាទុកនៅប៉ុស្តិ៍របស់ខ្លួនដើម្បីបន្តនីតិវិធីច្បាប់៕
ដោយ:មាស សុផាត