ជនជាតិចិនសង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តស៊េរីទំនើបបុករះរថយន្តពីរ គ្រឿងធ្វើឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ: បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តស៊េរីទំនើបម៉ាកCHEVROLET ជ្រុលទៅបុករះរថយន្តពីរគ្រឿងរបស់ជនជាតិចិនដូចគ្នាដែលចតស្ងៀមនៅមុខផ្ទះបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី ២៥ ខែមីនា​ ឆ្នាំ ២០២២ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងកើតភ្លើងស្តុបច្រកចូលផ្សារព្រៃទា ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្តស៊េរីទំនើបម៉ាកCHEVROLETពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AB-9735ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំទៅបុករះរថយន្ដពីរគ្រឿងរបស់ជនជាតិចិនដូចគ្នាដែលចតស្ងៀមនៅមុខផ្ទះ ក្នុងនោះមួយគ្រឿងម៉ាកស្តារិច ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2M-1650 និងមួយគ្រឿងទៀតម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2O-5603 បណ្តាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតពីចំហៀងខាងក្រោយដូចគ្នា។ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុភាគីបង្កបានធ្វើការសម្របសម្រួលគ្នាជាមួយភាគីរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print