ភ្នំពេញ : នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រសួងអប់រំយុវជននិងកីឡា បង្ហោះសេចក្តីប្រកាសព័ត៌មាន ស្តីពី ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន ចំនួន ០៣ ចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ដោយបញ្ជាក់ថា, ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំចំនួនបី ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធអនឡាញ។ លោកបណ្ឌិត ឌី ខាំបូលី ប្រធានឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន (SCCA Chair) នឹងដឹកនាំកិច្ចប្រជុំចំនួនពីរ៖ (១) កិច្ចប្រជុំលើកទី៥ នៃក្រុមការងារអាស៊ានសម្រាប់ការអនុវត្តសេចក្ដីថ្លែងការណ៍ស្តីពី វប្បធម៌នៃការបង្ការសម្រាប់សង្គមមួយប្រកបដោយសន្តិភាព បរិយាបន្ន ភាពជាសះស្បើយ សុខភាព និងសុខដុមនីយកម្ម (5PWGon CoP) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ និង (២) កិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី៣២ (32″ SOCA Meeting) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council Chair) នឹងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម វប្បធម៌អាស៊ានលើកទី២៧ (27 ASCC Couricil Meeting) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
កិច្ចប្រជុំទាំងបីនេះ នឹងពិនិត្យមើលឡើងវិញអំពីវឌ្ឍនភាពនានា នៃកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌ អាស៊ានលើកទី៣១ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៦ និងកិច្ចប្រជុំអាស៊ានពាក់ព័ន្ធ នាពេលកន្លងមក។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងជម្រាបជូនអង្គប្រជុំ អំពីសមិទ្ធផលសំខាន់ៗ, អាទិភាព, ឯកសារលទ្ធផល, និងព្រឹត្តិការណ៍អម ដែលនឹងត្រូវ សម្រេចបានក្នុងឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ កិច្ចប្រជុំក៏នឹងធ្វើ ការផ្លាស់ប្តូរទស្សនៈគ្នាទៅលើទិសដៅជាយុទ្ធសាស្ត្រក្នុងការអនុវត្តសេចក្តីសម្រេចនានារបស់ប្រមុខថ្នាក់ដឹកនាំអាស៊ាន និង ដៃគូអាស៊ាន ផែនការលម្អិតសហគមន៍សង្គម-វប្បធម៌អាស៊ាន ផែនការលម្អិតអន្តរសរសរស្តម្ភ និងក្នុងការពង្រឹងនិងពង្រីក ទំនាក់ទំនង ក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងដៃគូអាស៊ានទាំងអស់ ដើម្បីថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន សំដៅឆ្ពោះទៅការកសាងនិងអភិវឌ្ឍសហគមន៍អាស៊ាន ៕