លោកវេងសាខុនបើកកិច្ចប្រជុំអន្តរក្រសួងលើកទី២ដោយចូលរួមពីអភិបាលខេត្តទាំង៦លើបញ្ហាបង្ក្រាបបទល្មើសនេសាទ

ចែករំលែក៖

ភ្នំពេញ÷អនុវត្តតាមស្មារតីនៃកិច្ចប្រជុំចង្អៀតកាលពីថ្ងៃទី២៤ ខែមីនា កន្លងមកស្តីពី “វិធានការបង្គ្រាបបទល្មើសជលផលលើបឹងទន្លេសាប” តាមបទបញ្ញាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំអន្តរក្រសួងលើកទី២ ទាក់ទងបញ្ហានេះដើម្បីពិភាក្សាបន្ថែមលើសេចក្តីសម្រេចរបស់កិច្ចប្រជុំលើកទី១ ជាមួយក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តទាំង៦ ដែលនៅជាប់បឹងទន្លេសាប។

គោលបំណងនៃកិច្ចប្រជុំលើកទី២ នេះគឺដើម្បីប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសជាមួយអភិបាលនៃគណ:អភិបាលខេត្តទាំង៦ ដែលជាប្រធានគណ:បញ្ជាការកងឯកភាពខេត្ត ទាក់ទងនឹងស្ថានភាពភូមិសាស្រ្ត មុខសញ្ញាជនល្មើស ឧបករណ៍នេសាទសំខាន់ៗដែលជនល្មើសប្រើប្រាស់ វិធានការ ឬយន្តការទប់ស្កាត់ និងបង្គ្រាបកន្លងមក ដំណើរការនៃការចងក្រងសំណុំឯកសារផ្លូវច្បាប់ទាក់ទងបទល្មើស នីតិវិធីរបស់តុលាការ និងបញ្ហាប្រឈមផ្សេងៗទៀត ដែលកំលាំងចម្រុះអន្តរក្រសួង សហការជាមួយកងកំលាំងប្រដាប់អាវុធ ត្រូវយកទៅអនុវត្តជាបន្ទាន់ ឲ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។ 

កិច្ចប្រជុំដ៏មានសារ:សំខាន់នេះដឹកនាំដោយលោករដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួមពីលោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន,លោកកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌,លោក ម៉ៅ ហាក់ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម,នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, តំណាងឲ្យនាយឧត្តមសេនីយ៍ សៅ សុខា, តំណាងឲ្យនាយឧត្តមសេនីយ៍ វង្ស ពិសេន។ ដោយឡែកខាងអាជ្ញាធរខេត្តមាន៖ លោក សាន់ យូ អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង,លោក ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់,លោក សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង,លោក លី សារី អភិបាលរងនៃគណ:អភិបាលខេត្តបន្ទាយ មានជ័យ,លោក ទៀ សីហា អភិបាលនៃគណ:អភិបាល ខេត្តសៀមរាប និងលោកងួន រតន: អភិបាលនៃគណ: អភិបាលខេត្តកំពង់ធំ។ លោករដ្ឋលេខាធិការ,អនុរដ្ឋលេខាធិការ, អគ្គ លេខាធិការដែលទទួលបន្ទុកខេត្តគោលដៅប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើ និងនាយខ័ណ្ឌជលផលនៃខេត្តគោលដៅទាំង ៦ ក៏មានវត្តមានផងដែរ។ 

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ដោយភាពទទួលខុសត្រូវនិងគិតគ់គូពីផលប្រយោជន៍ជាតិខ្ពស់រួចមក កិច្ចប្រជុំអន្តរក្រសួងបានឯកភាពគ្នាជាឯកច្ឆន្ទ ដាក់ចេញនូវវិធានការជាបន្ទាន់ ក្នុងការសហការគ្នាអនុវត្តនូវវិធានការសំខាន់ៗទៅតាមស្មារតីនៃកិច្ចប្រជុំដូចខាងក្រោម៖

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក កិច្ចប្រជុំអន្តរក្រសួងបានឯកភាពគ្នាជាឯកច្ឆ័ន្ទ ដោយត្រូវសហការគ្នាអនុវត្តនូវវិធានការសំខាន់ៗទៅតាមស្មារតីនៃកិច្ចប្រជុំដូចខាងក្រោម៖

1. ប្រគល់ជូនអភិបាលនៃគណៈអភិបាលខេត្តទាំង៦ នៅជុំវិញបឹងទន្លេសាបសហការជាមួយប្រធានសាលា ដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូង នៃបណ្តាខេត្តជាប់បឹងទន្លេសាបទាំងអស់ពិនិត្យ និងស្រាវជ្រាវរាល់សំណុំរឿងបទល្មើសនេសាទដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីយកមកចាត់ការតាមច្បាប់ឱ្យបានឆាប់រហ័ស ដោយម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ សំដៅពង្រឹងប្រសិទ្ធភាពច្បាប់ និងការពារធនធានធម្មជាតិ ពិសេសធនធានជលផលនៅតំបន់បឹងទន្លេសាប។

2. កំណត់ឧបករណ៍សំខាន់មួយចំនួនដែលជនល្មើសប្រើប្រាស់ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល ដើម្បីធ្វើការបង្ក្រាបជាបន្ទាន់។

3. បង្កើតទីបញ្ជាការឈរជើងថ្នាក់ជាតិជាអចិន្ត្រៃយ៍នៅទីតាំងសំខាន់ៗចំនួន០២កន្លែង ជាបឋម ក្នុងចំណាម ៥កន្លែង នៅបឹងទន្លេសាបដើម្បីតាមដានត្រួតពិនិត្យជាប្រចាំនូវរាល់សកម្មភាពល្មើសជលផលជាប្រចាំ និងធ្វើអន្តរាគមន៍តាមការចាំបាច់។

4. គណៈបញ្ជាការឯកភាពថ្នាក់ខេត្តទាំង៦ត្រូវ៖

4.1. បង្កើតទីបញ្ជាការស្រាលនៅតាមបណ្តាទីតាំងចំបាច់សំខាន់ៗ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

4.2. ចាត់តាំងមន្រ្តីក្រោមឱវាទរបស់ខ្លួនធ្វើការផ្សព្វផ្សាយជាបន្ទាន់នូវវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់បទល្មើសជលផល តាមរយៈការអនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព។

4.3. ចាត់មន្រ្តីក្រោមឱវាទរបស់ខ្លួនក្នុងការធ្វើជំរឿន និងការស្រាវជ្រាវ រកឧបករណ៍ និងមធ្យោបាយដែលប្រព្រឹត្តបទល្មើសជាបន្ទាន់។

4.4. ផ្តល់ការគាំទ្រ កិច្ចសហការ និងកិច្ចសម្របសម្រួលចាំបាច់នានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដល់ក្រុមការងារថ្នាក់ជាតិ និងសមត្ថកិច្ចអនុវត្តច្បាប់ ក្នុងការចុះបង្រ្កាបបទល្មើសនេសាទនៅក្នុងសមត្ថកិច្ចនៃបណ្តាខេត្តដែលជាប់នឹងបឹងទន្លេសាប។

4.5. ពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការយោគយល់ចំពោះបទល្មើសនេសាទ និងជនល្មើសនេសាទដែលបំផ្លិចបំផ្លាញធនធានជលផលនៅតំបន់បឹងទន្លេសាប។

5. ក្រុមការងារថ្នាក់ជាតិត្រូវចុះពិនិត្យទីតាំងទាំង៥ ដែលត្រូវឈរជើងជាអចិន្រ្តៃយ៍ នៅថ្ងៃស្អែក ទី២៧ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ 

6. លេខាធិការដ្ឋានថ្នាក់ជាតិមួយត្រូវបានបង្កើតឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើការសម្របសម្រួលរាល់សកម្មភាពរបស់ក្រុមការងារចម្រុះថ្នាក់ជាតិ និងថ្នាក់ខេត្ត ។

7. គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបនឹងត្រូវធ្វើការកែសម្រួលឱ្យស្របតាមតម្រូវការជាក់ស្តែង។

កិច្ចប្រជុំនេះបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយនិងមានការទទួលខុសត្រូវខ្ពស់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print