ខេត្តបន្ទាយមានជ័យ÷ ដោយទទួលបាននូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងដោយបានទទួលនូវការគាំទ្រសហប្រតិបត្តិយ៉ាងពេញទំហឹងជាប្រចាំពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF នៅថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នេះ លោកចាន់ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM ជាមួយនឹងសហការីបានអញ្ជើញអមដំណើរគណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF ដែលដឹកនាំដោយ លោក ប៉ែន ធីរុង មានសមាជិកគណៈប្រតិភូជាអគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីជំនាញចំរុះពាក់ព័ន្ធជាច្រើនរូបបានអញ្ជើញចុះធ្វើការត្រួតពិនិត្យលើបណ្តាការដ្ឋានយុទ្ធសាស្រ្តដោះទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ ដែលក្នុងនោះរួមមាន ៖ ការសាងសង់ និងកែសម្រួលប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធដោះទឹកជំនន់ដើម្បីដោះទឹកជំនន់កុំឲ្យបង្កការលិចលង់ដល់ខេត្តបន្ទាយមានជ័យដែលក្នុងនោះរួមមានដូចតទៅ ៖
១- ការកែសម្រួល និងការកែលម្អប្រព័ន្ធប្រឡាយព្រៃខ្ពស់ក្នុងភូមិសាស្រ្តព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តបន្ទាយជ័យ ឲ្យទៅជាប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធដោះទឹកសម្រាប់ជួយអន្តរាគមន៍ដោះទឹកពីតំបន់អូរប្រា និងតំបន់អូរសណ្តាន់ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន បញ្ជៀសទឹកកុំឲ្យលិចលង់ខេត្តបន្ទាយមានជ័យ។
២- ជួសជុលស្តារឡើងវិញលើប្រព័ន្ធប្រឡាយចារ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យទៅជាប្រព័ន្ធធារាសាស្រ្ត និងជាប្រព័ន្ធដោះទឹកដ៏មានសក្តានុពលធ្វើការដោះទឹកពីតំបន់មាឡៃ ដោះទឹកដ៏បរិមាណច្រើនបំផុតពីតំបន់ប៉ៃលិន និងជាអាងស្តុកទឹកដ៏សំខាន់។
៣- កែលម្អសំណង់ពោធ៍ពីរដើមឲ្យមានទំហំធំជាងមុន ធំជាងសំណងចាស់ចំនួន ០៣ដង ដើម្បីដោះទឹកពីតំបន់អូរខៃដន ពីតំបន់អូរបីជាន់ ពីតំបន់ព្រៃខ្ពស់ ពីតំបន់ម៉ាឡៃ និងពីតំបន់ប៉ៃលិន
៤- ការជួសជុលស្តាឡើងវិញជាប្រវត្តិសាស្រ្តពុំធ្លាប់មានពីមុនមកលើស្ទឹងស្វាយចែកដែលជាតំបន់សមរភូមិមុខសម័យសង្គ្រាមដែលស្ទឹងមួយនេះបានខូចខាតស្ទើបាត់ពីផែនដី ក្នុងស្រុកស្វាយចែក ឲ្យទៅជាប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធដោះទឹកដ៏មានសក្តានុពលធ្វើការដោះទឹកជំនន់ដ៏ធំពីខេត្តស្រះកែវ ប្រទេសថៃមកតាមតំបន់ច្រកព្រំដែនបឹងត្រកួន តំបន់ភ្នំឆាត់ និងតំបន់អូរកំបុត្រ ដោះទឹកដ៏មានបរិមាណច្រើនបានជាអតិបរិមា។
សូមបញ្ជាក់ជូនថា ៖ យុទ្ធសាស្រ្តប្រកបដោយពុទ្ធិពោរពេញដោយបទពិសោធន៍ក្នុងការដោះទឹកជំនន់ ការកសាងអាងទឹក ការជួសជុលស្តារឡើងវិញលើប្រព័ន្ធធារាសាស្រ្ត និងការកែលំអរប្រព័ន្ធដោះទឹកទាំងឡាយក្នុងខេត្តបន្ទាយមានជ័យ គឺស្ថាបនឹក ស្ថាបត្យកម្មដោយ លោក លឹម គានហោ រដ្ឋមន្រ្តីបច្ចេកទេសក្រសួងធនធាន និងឧតុនិយម ៕
ដោយ៖ សូរិយា