ខេត្តសៀមរាប : នាថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅសាលាវេសហ្គេតអន្តរជាតិ សាខាទី២ ផ្សាដើមក្រឡាញ់ លោក អុឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមជាគណៈអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ និងបណ្ណសរសើរដល់សិស្សានុសិស្សទទួលបានជ័យលាភីនិទ្ទេស A និងចំណាត់ថ្នាក់ល្អ ក្នុងឆ្នាំសិក្សា២០២០-២០២១ របស់សាលាវេសហ្គេតអន្តរជាតិ សាខាទី២ ផ្សារដើមក្រឡាញ់ ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានថ្លែងថា សិស្សានុសិស្ស ដែលអាចនឹងទទួលបាន លទ្ធផលល្អ និងជោគជ័យ ក្នុងការសិក្សារបស់ខ្លួន គឺអាស្រ័យកត្តា ៥យ៉ាង ដែលមិនត្រូវមើលរំលងបាន នោះគឺ កត្តាមាតាបិតា កត្តាសាលារៀន កត្តាខ្លួនឯង កត្តាគ្រូបង្រៀន និងកត្តាដែលសំខាន់ជាពិសេសនោះគឺ កត្តាប្រទេសជាតិ ក្នុងនោះ កត្តាមាតាបិតា ឬអាណាព្យាបាល ពួកគាត់ មានកាតព្វកិច្ច គាំទ្រ ទំនុកបំរុង ផ្តល់កំលាំងចិត្ត គឺជាថាមពលជម្រុញសម្រាប់ការសិក្សាដល់កូនៗ។ កត្តាសាលារៀន ត្រូវពឹងលើការគ្រប់គ្រង និងរៀបចំប្រព័ន្ធអប់រំល្អរបស់សាលារៀន មានកម្មវិធីសិក្សាឆ្លើយតបទៅនឹងកម្មវិធីសិក្សាអប់រំជាតិ និងអន្តរជាតិ ដែលធានាបាននូវគុណភាពតាមនិយាមអប់រំ ទន្ទឹមនឹងនេះ គ្រូបង្រៀនក៏ជាកត្តា សំខាន់មួយផងដែរ តាមរយៈការសិក្សាស្រាវជ្រាវ ចងក្រង ឯកសារក្នុងការបង្រៀន និងផ្ទេរចំណេះដឹង ដែលជាការទទួលខុសត្រូវចំពោះសិស្ស។
លោក អភិបាលរងខេត្តបន្តថា កត្តាទាំង៤ ខាងលើអាចប្រព្រឹត្តិទៅបានគឺអាស្រ័យលើកត្តាប្រទេសជាតិមានសុខសន្តិភាពនិងមានការរីកចម្រើនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវសន្តិភាពពេញលេញ រក្សាការពារបានសន្តិសុខសង្គម ស្ថេរភាព នយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិ-មាតុភូមិ។ លោក អុឹង គឹមលាង ក៏បានកោតសរសើរ ចំពោះក្មួយៗ សិស្សានុសិស្ស ដែលទទួលបានជ័យលាភីនិទ្ទេសA និងចំណាត់ថ្នាក់ល្អ លិទ្ធផលល្អគួរជាទីមោទនៈ ថានេះជាសក្ខីភាពបញ្ជាក់ ឱ្យឃើញពីសមត្ថភាព ក្នុងកំរិតមួយ ដែលត្រូវចាត់ទុកជា ធនធានអរូបីយ៍ និង មានប្រយោជន៍ដ៏សំខាន់សម្រាប់ខ្លួនឯង សង្គមគ្រួសារ និងសម្រាប់សង្គមជាតិ។ ថ្វីបើក្មួយៗទទួលបានជោគជ័យហើយក៏ដោយ ក៏ប៉ុន្តែភាពជោគជ័យពិតប្រាកដ មិនមែនត្រឹមតែមានចំណេះដឹងសម្រាប់ខ្លួនម្នាក់ៗប៉ុណ្ណោះទេ តែបទពិសោធន៍ លទ្ធផល ការងារ សីលធម៌ មនសិកាវិជ្ជាជីវៈ គឺជាលក្ខណៈសម្បត្តិ និងជាលក្ខខណ្ឌ ចាំបាច់មិនអាចខ្វះបាន គឺជាពិន្ទុ សម្រាប់វាស់ស្ទង់នូវភាពជោគជ័យពិតប្រាកដរបស់ ក្មួយៗ ។ហេតុនេះចូរប្អូនៗ ក្មួយៗត្រូវបន្តការខិតខំ ហ្វឹកហ្វឺនរៀនសូត្រ លើមុខវិជ្ជាផ្សេងៗបន្តទៀត ដើម្បីបង្កើនសមត្ថភាព មុខជំនាញវិជ្ជាជីវៈ សម្រាប់ឈានឱ្យទាន់សភាពការណ៍វិវត្តន៍រីកចម្រើនរបស់សង្គមជាតិ ហើយស្របពេលគ្នានេះដែរ ក៏ត្រូវ ប្រកាន់ខ្ជាប់នូវវិន័យ សេចក្ដីថ្លៃថ្នូរ និងរក្សាសាមគ្គីភាពទៅក្នុងគ្រប់មជ្ឈដ្ឋាន ជីវភាពរស់នៅ ដើម្បីក្លាយខ្លួនទៅជាពលរដ្ឋល្អមានប្រយោជន៍សម្រាប់សង្គមជាតិ យើង៕
ដោយ : សិលា