ឆ្លើយតបទៅនឹងសំណួរថា តើប្រធានាធិបតីពូទីនអាចនឹងប្រើប្រាស់គ្រាប់បែកបរមាណូវាយប្រហារដែរឬទេ? អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ប្រធានាធិបតីនឹងប្រើប្រាស់បរមាណូវាយប្រហារប្រសិនបើមានភាគីទីបី ចូលរួមនៅក្នុងសង្គ្រាមនោះ។
អ្នកនាំពាក្យ Dmitry Peskov បានបញ្ជាក់ទៀតថា ពេលនេះគ្មានអ្នកណាម្នាក់នៅប្រទេសរុស្ស៊ីមានបំណងចង់ប្រើប្រាស់គ្រាប់បែកបរមាណូនោះឡើយ។ ប៉ុន្តែ ប្រសិនបើប្រទេសទីបីជ្រៀតជ្រែកចូលក្នុងសង្គ្រាមរបស់រុស្ស៊ី ពេលនោះយើងអាចនឹងប្រើប្រាស់ គ្រាប់បែកបរមាណូដើម្បីទប់ស្កាត់។
កន្លងមក អនុប្រធានគណៈកម្មការសន្តិសុខជាតិ និងជាអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានបញ្ជាក់ថា ទ្រឹស្តីនៃការប្រើប្រាស់បរមាណូរបស់រុស្ស៊ី គឺមិនចាំទុកឱ្យគេប្រើប្រាស់គ្រាប់បែកបរមាណូមកលើប្រទេសរុស្ស៊ីមុន ទើបវាយបកវិញនោះឡើយ ។ រុស្ស៊ីអាចប្រើប្រាស់បរមាណូក្នុងពេលសន្តិសុខជាតិរុស្ស៊ីរងការគំរាមកំហែង ។
ក្នុងពេលនេះដែរ កម្លាំងបរមាណូរបស់រុស្ស៊ីបានដាក់នៅក្នុងការត្រៀមលក្ខណៈវាយប្រហារក្នុងពេលចាំបាច់ ។ រុស្ស៊ីជាប្រទេសដែលមានឃ្លាំងគ្រាប់បរមាណូច្រើនជាងគេបំផុតលើពិភពលោក គឺមានប្រមាណ៦ពាន់គ្រាប់ អាចកម្ទេចភពផែនដីទាំងមូល ។
ដោយសារតែរុស្ស៊ីមានកម្លាំងបរមាណូខ្លាំងជាងគេបំផុតនោះ ទើបប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិកនិងណាតូ មិនហ៊ានលូកដៃចូលជួយអ៊ុយក្រែនដើម្បីប្រឆាំងជាមួយរុស្ស៊ី។ ការប្រឈមមុខផ្ទាល់ដោយយោធាជាមួយរុស្ស៊ី គឺជារឿងដែលលោកខាងលិចមិនចង់បាននោះឡើយ ព្រោះអាចបង្កវិនាសកម្មដល់ប្រទេសរបស់ខ្លួន បើរុស្ស៊ីប្រើប្រាស់បរមាណូនោះ៕ ដោយធីរីណា
រូបថត : Getty
រូបថត : AP