ភ្នំពេញ ៖ លោក ស៊ិន សុវណ្ណរ័ត្ន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក សំម ឫទ្ធីវាសនា ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានសម្រេចបើកសវនាការលើជនជាប់ចោទជនជាតិចិនម្នាក់ ឈ្មោះ ហ្វាន អ៉ី (FAN YI) ភេទ ប្រុស អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅប្រទេសចិន កាន់លិខិតឆ្លងដែនលេខ EJ4666319 បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លេមេគង្គ សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ជាប់ចោទពីបទផលិត ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រមាណជិត៧គីឡូក្រាម (ឆ្លងកាត់កម្ពុជាទៅវៀតណាម)។ ក្រោយពីបញ្ចប់សវនាការសួរដេញដោលរួចលោកចៅក្រមសម្រេចកំណត់យកថ្ងៃទី៣០ ខែមីនាឆ្នាំ២០២២ ស្អែកនេះដើម្បីធ្វើការប្រកាសសាលក្រម។
សូមបញ្ជាក់ថា ការបង្រ្កាបករណីខាងលើនេះគឺអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៥) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យក៥ និងចូល រួមសហការពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងដឹកនាំសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោកនៅចំណុចបេនឡានអូរឫស្សី ផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរផ្ទះលេខ៤៨២BIS ផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់យកវត្ថុតាង ១- អុិចស្តាស៊ី(MDMA) ទម្ងន់ 971.77ក្រាម(លាក់បង្កប់ក្នុងជើងកង្ហារបញ្ឈរ)។ ២-កេតាមីន(Ketamine) ទម្ងន់ 5 គីឡូក្រាម578.95ក្រាម និង3- មេតំហ្វេតាមីន(ICE) 93.19 ក្រាម ចាប់យកវត្ថុតាងគ្រឿងញៀនសរុប 6គីឡូក្រាម 643.91ក្រាម សារធាតុផ្សំ(មិនច្បាស់ប្រភេទ)12 គីឡូក្រាម440 ក្រាម និង ១០កំប៉ុង ស្មើទម្ងន់1គីឡូក្រាម៕
ដោយ៖ រ៉ារ៉ា