ភ្នំពេញ : យោងតាមប្រភពពី ៖ អគ្គាធិការដ្ឋាន បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន លោក អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល និងនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល និងមានការអញ្ជើញចូលរួមពី អគ្គាធិការរងទទួលបន្ទុកនាយកដ្ឋាន ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋានចំណុះនាយកដ្ឋានទាំង០២។
លោក អគ្គាធិការ មានប្រសាសន៍ថា កិច្ចប្រជុំពេលនេះ ដើម្បីពិនិត្យវឌ្ឍនភាពសកម្មភាពការងារពង្រឹងរបៀបរបបការងារ ជាពិសេសពង្រឹងសមត្ថភាពមន្ត្រីក្នុងការចុះដឹកនាំអង្កេតស្រាវជ្រាវ ប្រតិបត្តិការនានា។ ជាមួយនេះ លោកអគ្គាធិការ បានអនុញ្ញាតឱ្យអគ្គាធិការរងទទួលបន្ទុក ប្រធាននាយកដ្ឋាន ជាពិសេសអនុប្រធាននាយកដ្ឋាន សូមលើកជាយោបល់ពាក់ព័ន្ធការអនុវត្តការងារកន្លងមក បញ្ហាប្រឈម និងសំណូមពរនានា ដើម្បីផលប្រយោជន៍អង្គភាព។
បន្ទាប់ពី លោកអគ្គាធិការរងទទួលបន្ទុក ប្រធាននាយកដ្ឋាន និងជាពិសេសអនុប្រធាននាយកដ្ឋាន រាយការណ៍ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរនានា និងលើកយោបល់ផ្ទាល់ខ្លួន លោក អគ្គាធិការ បានថ្លែងការអរគុណ និងបានកោតសរសើរចំពោះចំណុចល្អ សូមបន្តពង្រឹង ជំរុញកែលម្អនូវចំណុចខ្វះខាត ព្រមទាំងបានទទួលយកសំណូមពរមកពិនិត្យដោះស្រាយផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អគ្គាធិការ បានមានមតិដឹកនាំនិងណែនាំលើកិច្ចការមួយចំនួនមាន របៀបរបបការងារ ការងារចុះអង្កេតស្រាវជ្រាវ និងបញ្ហាពង្រឹងសមត្ថភាពរបស់មន្ត្រី។
ចុងបញ្ចប់ លោក អគ្គាធិការ បានគូសបញ្ជាក់និងសង្ឃឹមថា មន្ត្រីអធិការកិច្ច ជាមន្ត្រីជំនាញ ទាមទារមានសមត្ថភាពខ្ពស់ ក្នុងការចុះអង្កេតស្រាវជ្រាវ ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនិងដោះស្រាយប្រកបដោយតម្លាភាព។ បន្ថែមពីនេះទៀត ជាមន្ត្រីអធិការកិច្ច ត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព មិនលំអៀង ស្វែងរកយុត្តិធម៌ ការពារភាពត្រឹមត្រូវ ដោយហ៊ានពុះពារគ្រប់ឧបសគ្គ ជាពិសេសប្រាកដច្បាស់ណាស់ត្រូវប្រឈមមុខនឹងមន្ត្រីខិលខូច តែយើងជាមន្ត្រីអធិការកិច្ច ត្រូវប្តេជ្ញាអនុវត្តតាមតួនាទីភារកិច្ចតាមគោលការណ៍ច្បាប់ ប្រកាន់ក្រមសីលធម៌ និងវិជ្ជាជីវៈខ្លួន៕
ដោយ: សិលា