ខេត្តរតនគិរី÷ព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០២២កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានបញ្ជូនជនសង្ស័យពីរនាក់ពាក់ព័ន្ធនឹងការជួញដូរនិងការប្រើប្រាស់គ្រឿងញៀនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ។
ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន កាលពីវេលាម៉ោង២និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២។ ការឃាត់ខ្លួននេះធ្វើឡើងនៅពេលដែលកម្លាំងការិយាល័យព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ល្បាតមកដល់ចំណុចផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក៏បានប្រទះឃើញមុខសញ្ញាសង្ស័យ ក៏បានឃាត់សួរនាំ និងឆែកឆេររកឃើញម្សៅក្រាមសថ្លា១កញ្ចប់។ ក្រោយពីឆែកឆេររួចកម្លាំងព្រហ្មទណ្ឌ និងអន្ដរាគមន៍ ក៏បានឃាត់ និងបញ្ជូនជនសង្ស័យទាំង០២មុខសញ្ញា មកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីបន្តនិតិវិធី។
របាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ជន សង្ស័យមានឈ្មោះ ៖ ១.ឈ្មោះ ប៉ូ ស្ម័ក្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដនិង ២.ឈ្មោះ លុន ភារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ជនសង្ស័យខាងលើបានតេស្តរកសារធាតុញៀនជាលទ្ធផល វិជ្ជមានទាំង០២មុខសញ្ញា។
វត្ថុតាងដកហូតបានរួមមាន៖
១.មេតំហ្វេតាមីនអាយ ចំនួន០១ថង់ ទម្ងន់មិនទាន់ថ្លឹង
២.ម៉ូតូ០២គ្រឿង
៣.ទូរស័ព្ទដៃ០៤គ្រឿង
៤.លុយខ្មែរ ៣៥,០០០រៀល។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ ពួកគេពិតជាបានប្រព្រឹត្តបទល្មើសរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកនៅការិយាល័យជំនាញកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកនេះហើយ៕
ដោយ៖ សូរិយា