ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានបញ្ជាក់ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោកពូទីនថា ប្រទេសលោកខាងលិចនឹងមិនទូទាត់តម្លៃឧស្ម័នហ្គាស ដោយប្រើប្រាស់ប្រាក់រុស្ស៊ីនោះឡើយ។
សារព័ត៌មាន រ៉យទ័រ បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់នៅវិមាន Elysee ដែលបានបញ្ជាក់ថា ប្រធានាធិបតី ម៉ាក្រុង បញ្ជាក់ថា ប្រទេសលោកខាងលិចមិនអាចទូទាត់តម្លៃឧស្ម័នដោយប្រើប្រាស់ប្រាក់រុស្ស៊ីនោះឡើយ ។ បារាំងប្រឆាំងយ៉ាងដាច់ខាតដល់ការទូទាត់ដោយប្រាក់
រូប្លិ៍របស់រុស្ស៊ី។
នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ រវាងប្រធានាធិបតីបារាំង នឹងរុស្ស៊ី វិមានក្រឹមឡាំងបានបញ្ជាក់ថា ការទូទាត់រាល់ទំនិញ ប្រេងសាំង ហ្គាស នឹងត្រូវប្រើប្រាស់ប្រាក់រូប្លិ៍។ ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានប្រកាសពីការប្រើប្រាស់ប្រាក់រុស្ស៊ីដើម្បីទូទាត់តម្លៃប្រេងចំពោះប្រទេសដែលមិនមានភាពជិតស្និទ្ធជាមួយរុស្ស៊ី ។
ប្រទេសដែលមិនមានភាពជិតស្និទ្ធជាមួយរុស្ស៊ី គឺបណ្តាប្រទេសដែលបានចូលរួមដាក់ទណ្ឌកម្មទៅលើប្រទេសរុស្សុី ក្នុងនោះមានអឺរ៉ុប អាមេរិក ជប៉ុន …។ ការអនុវត្តទូទាត់ប្រាក់រុស្ស៊ីនឹងចាប់ផ្តើមនៅថ្ងៃទី៣១ខែមីនា។
ក្រុមអ្នកវិភាគដែលគាំទ្រប្រទេសរុស្ស៊ីបានលើកឡើងថា ប្រសិនបើលោកខាងលិចមិនព្រមទូទាត់ប្រាក់ដោយប្រើប្រាស់ប្រាក់រុស្ស៊ី ម្តេចមិនដកទណ្ឌកម្មចេញ ។ ការដាក់ទណ្ឌកម្ម ការបង្កកប្រាក់ បិទប្រព័ន្ធទូទាត់តាមធនាគារ …ទាំងនោះហើយជាការបង្ខំឱ្យរុស្ស៊ីធ្វើដូច្នេះ បើមិនទូទាត់ប្រាក់រុស្ស៊ី ចឹងចង់យកថាមពលរុស្ស៊ីទទេមែន។ ពេលនេះរុស្ស៊ីអនុវត្តយុទ្ធសាស្ត្រទំនិញដល់ដៃ ប្រាក់ក៏ដល់ដៃដែរ ៕ ដោយធីរីណា
រូបថត :Getty