ខេត្តប៉ៃលិន ៖ ស្នេហាត្រីកោណបណ្តាលឱ្យយុវជនពីរនាក់ទាស់សម្តីគ្នារួចហើយត្រូវបានយុវជនជាគូទំនាស់ទាញកាំបិតផ្គាក់កាប់បណ្តាលឱ្យយុវជនម្នាក់រងរបួសដៃឆ្វេងដេរអស់២ថ្នេរ ។
ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់កាលពីម៉ោង០៩និង៣៥នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្ដឹងករណីហិង្សាដោយចេតនាមួយនេះពីជនរងគ្រោះឈ្មោះ សែម លីហាយ ដែលហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ សែម លីហាយ អាយុ២២ឆ្នាំ ជាសិស្ស មានទីលំនៅបច្ចុប្បន្នក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសដៃខាងឆ្វេងដេរ០២ថ្នេរ)។ ចំណែកជនបង្កមាន ឈ្មោះ វិត មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នក្នុងភូមិជាមួយគ្នា។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ករណីស្នេហាត្រីកោណរវាងយុវជនពីរនាក់ស្រឡាញ់ស្រីម្នាក់នេះកើតឡើងដោយសារតែខាងស្រីចិត្តមិនដាច់គឺស្រឡាញ់យុវជនទាំងពីរនាក់តែម្តង។ លុះនៅម៉ោងកើតហេតុយុវជនទាំងពីរនាក់បាននិយាយប្រកែកគ្នាចុះឡើងៗ ធ្វើឱ្យនារីជាសង្សារសម្រេចចិត្តយកម្នាក់ទើបបង្កទៅជាការឈ្លោះទាស់ទែងគ្នាធ្វើឱ្យជនដៃដល់ទាញយកកាំបិតផ្គាក់កាប់ប្រហារទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសត្រង់ដៃឆ្វេង ដេរអស់ចំនួន០២ថ្នេរ រួចជនសង្ស័យក៏រត់គេចខ្លួនភ្លាមៗបាត់ទៅ។
បច្ចុប្បន្នកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ កំពុងស្រាវជ្រាវតាមរកជនសង្ស័យដែលបានកាប់ប្រហារជនរងគ្រោះហើយរត់គេចខ្លួនដើម្បីយកមកចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ