ថ្នាក់ដឹកនាំខេត្តចុះត្រួតពិនិត្យផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាបដែលបានស្ថាបនារួចរាល់

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីក្រុមការងារបច្ចេកទេសបានសាងសង់និងរៀបចំប្រព័ន្ធលូ បំពាក់ភ្លើងបំភ្លឺ ដាក់កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចរណ៍រួចរាល់១០០%ហើយនោះ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យផ្លូវទាំង៣៨ខ្សែដែលបានបំពាក់ភ្លើងបំភ្លឺ កាមេរ៉ាសុវត្ថិភាព និងភ្លើងសញ្ញាចរាចរណ៍។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា ក្រោយពីសាងសង់ផ្លូវហើយរួចរាល់ក្រុមការងារបានសម្អាតបរិស្ថាន រៀបចំតុបតែង កែលម្អបន្ថែមទៀតដើម្បីលើកកម្ពស់សោភណភាពទីក្រុងឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដើម្បីជាភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើង ហើយឆ្នាំនេះ ខេត្តសៀមរាបនឹងរៀបចំពិធីសង្ក្រាន្តសៀមរាប ដែលនឹងត្រូវរៀបចំទៅលើពីរទីតាំង គឺទី១- នៅក្នុងក្រុងសៀមរាប ទី២- នៅប្រាសាទចៅសាយចៅទេវតា ដែលមានកម្មវិធីជាច្រើន រួមមាន កម្មវិធីជិះទូកកម្សាន្ត មានកម្មវិធីពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈនៅលើផែទឹក និងការប្រគំតន្រ្តីខ្នាតយក្សពីរកន្លែងដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។
លោកបានបន្តថា ផ្លូវទាំងនេះជាសរសៃឈាមដ៏រស់រវេីកក្នុងការបង្កេីនសេដ្ឋកិច្ចជាតិ​ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារបានមួយចំណែកទៀតផងដែរ។ ទន្ទឹមនឹងនេះ លោកអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំង៣៨ខ្សែ ក៏ដូចជាសាធារណជនទាំងអស់សូមចូលរួមថែរក្សាអនាម័យបរិស្ថាន សោភណភាព ពិសេសសូមកុំយកចិញ្ចើមផ្លូវធ្វើជាចំណត ដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ហើយអាចនឹងធ្វើឱ្យមានការខូចខាតដល់សំណង់ដែលរៀបចំរួចរាល់ផងដែរ។
ក្នុងនាមប្រជាពលរដ្ឋ លោក អភិបាលខេត្តសូមពាំនាំនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ផ្លូវ ៣៨ខ្សែ ប្រវែង១០៦,៤២៤គីឡូម៉ែត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លាសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ហើយផ្លូវនេះត្រៀមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print