ខេ្តត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋរស់នៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងមានកាព្រួយបារម្ភយ៉ាងខ្លាំងខណៈមានសត្វគោក្របីរបស់ពួកគាត់ប្រមាណជាង៣០០ក្បាលបានងាប់ជាបន្តបន្ទាប់នៅក្នុងខែមេសា ឆ្នាំ២០១៦ គ្រាដែលធាតុអាកាសប្រែប្រួលក្តៅខ្លាំង។
ជនជាតិដើមភាគតិចខ្មែរខិះរស់នៅឃុំព្រៃកមាសស្រុកសៀមប៉ាងជាប់នឹងព្រំដែនឡាវមានការបារម្ភថាឆ្នាំនេះអាកាសធាតុក្តៅខ្លាំងបណ្តាលឱ្យទឹកអូរថ្លុកត្រពាំងរីងហួតដីប្រេះបែកក្រហែង។ រីឯស្មៅរុក្ខជាតិវិញនោះនៅតាមវាលស្រែព្រៃរបោះងាប់អស់បណ្តាលឱ្យសត្វគោក្របីអ្នកស្រុកគ្មានចំណីស៊ីនិងគ្មានទឹកផឹកឃើញងាប់ជាបន្តបន្ទាប់។
ប្រជាពលរដ្ឋបានលើកឡើងថា សត្វគោក្របីគឺជាកម្លាំងអូសទាញធ្វើស្រែនិងរកអនុផលព្រៃឈើយ៉ាងសំខាន់សម្រាប់ជួយដល់ក្រុមគ្រួសារ។ តែឥឡូវនេះសត្វដែលជាកម្លាំងអូសទាញនោះក្នុងគ្រួសារនីមួយៗបានងាប់អស់ហើយពួកគាត់គ្មានអ្វីរំពឹងទៀតទេពេលដល់រដូវធ្វើស្រែនោះ។ដោយសារតែតំបន់រងគ្រោះមួយចំនួននៅក្នុងស្រុកសៀមប៉ាងឆ្ងាយពីទន្លេទើបមិនអាចជួយសង្គ្រោះដល់សត្វគោក្របីទាំងនោះបាន។
អ្នកភូមិយល់ថា ឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗ។ ឆ្នាំនេះអាកាសធាតុក្តៅខ្លាំងគឺជាបាតុភូតដ៏ក្រក់សម្រាប់ឆ្នាំថ្មី។ក្រៅពីទឹកថ្លុកត្រពាំងអូររីងហួតដីប្រេះបែកក្រហែងសូម្បីតែទឹកទន្លេក៏រីងដែរនៅឆ្នាំនេះ។ ហេតុដូចនេះពួកគាត់សុំអំពាវនាវដល់អាជ្ញាធរនិងប្រមុខរាជរដ្ឋាភិបាលជួយអន្តរាគមន៍ដល់ពលរដ្ឋកំពុងតែរងគ្រោះដោយសារភាពរាំងស្ងួតបាត់បង់សត្វពាហានៈកម្លាំងអូសទាញដល់កសិករនោះផង។
លោក ស៊ី សួន អភិបាលស្រុកសៀមប៉ាងបានអះអាងថា អាជ្ញាធរបានជួយដល់ពលរដ្ឋកំពុងតែរងគ្រោះនោះហើយគឺជួយដឹកជញ្ជូនទឹកទៅចែកជូនដល់ពលរដ្ឋ។ ទាក់ទងរឿងនេះលោកសង្កេតឃើញថា នៅក្នុងខែមេសា ឆ្នាំ២០១៦នេះសត្វគោនិងក្របីចំនួន ៣០១ក្បាលបានងាប់ជាបន្តបន្ទាប់។
លោកយល់ថា សត្វរបស់ប្រជាពលរដ្ឋចិញ្ចឹមទាំងនោះងាប់មូលហេតុបណ្តាលមកពីអាកាសធាតុក្តៅខ្លាំងពេក ហើយអត់មានស្មៅស៊ីគ្មានប្រភពទឹកផឹក។
លោកអភិបាលស្រុកសៀមប៉ាងបានបញ្ជាក់ថា គោនិងក្របីដែលងាប់ច្រើនជាងគេស្ថិតនៅក្នុងឃុំសេកុង,ឃុំថ្មកែវ,ឃុំព្រែកមាស,និងឃុំស្រែសំបូរ,នៃស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។សត្វទាំងនោះងាប់នៅតាមព្រៃនិងដងអូរ។
លោក ម៉ែន គុង អ្នកនាំពាក្សសាលាខេត្តស្ទឹងត្រែងបានឱ្យដឹងផងដែរថា ក្រៅពីសត្វគោក្របីងាប់ប្រជាពលរដ្ឋរស់នៅឃុំព្រែកមាសនិងឃុំស្រែសំបូរក៏កំពុងជួបបញ្ហាអត់ទឹកប្រើប្រាស់ផងដែរ។ ប៉ុន្តែអាជ្ញាធរបានជួយដឹកជញ្ជូនទឹកទៅកាន់តំបន់ដែលរងគ្រោះចំនួន២ឃុំស្ថិតនៅក្នុងស្រុកសៀមប៉ាងនោះហើយ៕
ដោយ៖ សីលា