ឥណ្ឌាកំពុងតែសម្ងំទិញថាមពល ប្រេងពីរុស្សុីក្នុងតម្លៃថោកបំផុតស្របទៅតាមច្បាប់ ខណៈដែលប្រទេសលោកខាងលិចកំពុងប្រឈមនឹងបញ្ហាកង្វះថាមពលដោយសារតែការដាក់ទណ្ឌកម្មរុស្ស៊ី។ ក្នុងពេលនេះប្រទេសលោកខាងលិចបាននាំគ្នាទីបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ក្នុងគោលដៅឱ្យឥណ្ឌាចូលរួមដាក់ទណ្ឌកម្មរុស្ស៊ី។
បច្ចុប្បន្នសង្គ្រាមប្រទេសអ៊ុយក្រែនឈានចូលខែទីពីរហើយ ចំណែកឥណ្ឌាគឺជាប្រទេសដែលស្ថិតនៅកណ្តាល មិនកាន់ជើងខាងណាឬគាំទ្រខាងណានោះឡើយ ហើយអ្វីដែលមានប្រយោជន៍ ចំពោះជាតិ ដូចជាការទិញប្រេងតម្លៃទាបពីរុស្ស៊ី គឺឥណ្ឌាមិនទុកឱ្យបាត់បង់ឱកាសនោះឡើយ។
ក្នុងពេលនេះដែរ សេតវិមានបានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ទីប្រឹក្សារងសន្តិសុខជាតិ ទទួលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន គឺលោក Daleep Singh នឹងធ្វើដំណើរទៅកាន់ទីក្រុងញូវដេលី ប្រទេសឥណ្ឌា ដើម្បីជួបពិភាក្សាជាមួយក្រុមមន្រ្តីរដ្ឋាភិបាលឥណ្ឌា ជុំវិញសង្រ្គាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន និងដើម្បីបង្កើតក្របខ័ណ្ឌសេដ្ឋកិច្ចសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក។
បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន, លោក Singh នឹងជួបពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយភាគីឥណ្ឌា អំពីផលវិបាកនៃសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយស្វែងយល់មធ្យោបាយកាត់បន្ថយផលប៉ះពាល់របស់វាលើសេដ្ឋកិច្ចពិភពលោក។
ថ្លែងក្នុងវេទិកាធុរកិច្ច កាលពីសប្តាហ៍មុន លោក បៃឌិន បាននិយាយថា «ក្នុងចំណោមសមាជិក នៃក្រុមប្រទេសក្វាដ (Quad) គឺមានតែឥណ្ឌាទេដែលមិនព្រមដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី»។ ដោយសំដៅទៅលើលោក វ្ល៉ាឌីមៀរ ពូទីន, លោក បៃឌិន ពេលនោះបានអំពាវនាវឱ្យមានការរួមគ្នាដាក់សម្ពាធថែមទៀត ពីសំណាក់សមាជិកអង្គការ NATO និងក្នុងតំបន់ប៉ាស៊ីហ្វិក ប្រឆាំងទៅនឹងអ្វីដែលលោកហៅថាជា ការឈ្លានពានលើទឹកដីអ៊ុយក្រែន៕ ដោយធីរីណា