ភ្នំពេញ, នៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ លោកហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្រ្តីជំនាញបច្ចេកទេសផ្តល់ការបណ្តុះបណ្តាលលើការប្រើប្រាស់បច្ចេកវិទ្យា QR Code ដល់មន្រ្តីពាក់ព័ន្ធនៃអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ការបណ្តុះបណ្តាលនេះបានធ្វើឡើងក្រោមអធិបតីភាព លោក អ៊ូ វិសាល អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងសន្តិសុខ នៃអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលមានអ្នកចូលរួមប្រមាណ ៩០រូប។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងតាមការស្នើសុំរបស់អង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ មកក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពង្រឹងសមត្ថភាពមន្រ្តីក្រោមឱវាទលើការយល់ដឹង និងគន្លឹះសំខាន់ៗលើការប្រើប្រាស់បច្ចេកវិទ្យា QR Code ការការពារសុវត្ថិភាពទិន្នន័យ ជាពិសេសបទពិសោធន៍នៃការប្រើប្រាស់ QR Code ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ សិក្ខាកាមដែលចូលរួមអាចសិក្សាស្វែងយល់ និងពិនិត្យប្រើប្រាស់បច្ចេកវិទ្យា QR Code ក្នុងអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីពង្រឹងយន្តការគ្រប់គ្រងបច្ចេកវិទ្យាក្នុងអង្គភាព៕
ដោយ : សិលា