ភ្នំពេញ: នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះមុនបន្តិចថា, នាថ្ងៃទី២៩និង៣០ខែមីនា ជំនួយឥតសំណងជំហានទី៨ជាវ៉ាក់សាំងកូវីដចំនួន៥លានដូសដែលផ្តល់ដោយភាគីចិនជូនចំពោះភាគីកម្ពុជាបានមកដល់រាជធានីភ្នំពេញ។
ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជាបញ្ជាក់ថា, នាព្រឹកថ្ងៃទី២៩ លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាបានអញ្ជើញទទួលនៅក្នុងអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ និងព្រមទាំងបានអញ្ជើញទទួលកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងទីតាំងខាងលើ។
លោក Wu Guoquan មានប្រសាសន៍ថា លោក Xi Jinping ប្រធានាធិបតីចិនថ្មីៗនេះបានអញ្ជើញពិភាក្សាការងារដោយតាមរយៈទូរស័ព្ទជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ភាគីទាំងពីរបានឈានដល់កុងសុងស៊ីសកម្រិតខ្ពស់នៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ស្ថាប័នពាក់ព័ន្ធទាំងពីរប្រទេសបានយកចិត្តទុកដាក់ខ្ពស់និងសហការគ្នាយ៉ាងស្អិតរមួត ដើម្បីបំពេញការប្រគល់ទទួលវ៉ាក់សាំងដំបូងចំនួន៥លានដូសយ៉ាងឆាប់រហ័សនិងប្រកបដោយគុណភាពខ្ពស់។ ជឿជាក់ថាវ៉ាក់សាំងដែលផ្តល់ជូននាលើកនេះអាចជួយកម្ពុជាក្នុងការអនុវត្តផែនការចាក់វ៉ាក់សាំងបង្ការបានកាន់តែល្អប្រសើរ និងជួយប្រជាជនកម្ពុជាអាចអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរប្រកបដោយសុវត្ថិភាពនិងសប្បាយរីករាយ។ ចិននិងកម្ពុជាគឺជាបងប្អូនដែកថែបគ្រប់កាលៈទេសៈ ភាគីទាំងពីរនឹងអនុវត្តកុងសុងស៊ីសដែលថា្នក់ដឹកនាំប្រទេសទាំងពីរកំណត់ជូន ដឹកជញ្ជូនវ៉ាក់សាំងជំហានក្រោយមកដល់កម្ពុជាជាបន្តបន្ទាប់យោងតាមវឌ្ឍនភាពនៃការចាក់វ៉ាក់សាំងបង្ការជំងឺវីរុសក្នុងប្រទេសកម្ពុជានិងសេចក្តីតម្រូវការជាក់ស្តែងរបស់ភាគីកម្ពុជា ដេីម្បីផ្តល់ការធានាដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនៅក្នុងប្រទេសកម្ពុជាតាមបែបគន្លងថ្មី។
លោកស្រីវេជ្ជវេជ្ជបណ្ឌិត យក់ សម្បត្តិ បានលើកឡើងថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩មក ប្រទេសចិនគឺជាប្រទេសដំបូងគេដែលបានផ្តល់វ៉ាក់សាំងដល់កម្ពុជា។ ចាប់តាំងពីបានផ្តល់ជូនវ៉ាក់សាំងកូវីដជំហានដំបូងមកកាន់កម្ពុជាកាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២១មក ភាគីចិនបានបន្តផ្តល់វ៉ាក់សាំងមកកាន់កម្ពុជាជាច្រើនបន្តបន្ទាប់ ដើម្បីគាំទ្រកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដនិងការពារអាយុជីវិតប្រជាជន។ គ្មានប្រទេសណាមួយលើពិភពលោកផ្តល់វ៉ាក់សាំងដល់កម្ពុជាយ៉ាងច្រើនដូចប្រទេសចិននោះទេ។ ប្រទេសចិនបានក្លាយជាបង្អែកយុទ្ធសាស្រ្តវ៉ាក់សាំងសម្រាប់កម្ពុជា គឺជាការធានាដ៏មានប្រសិទ្ធភាពសម្រាប់ការអនុវត្តយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាយ៉ាងមានប្រសិទ្ធភាព៕
ដោយ ; សិលា