ខេត្តស្ទឹងត្រែង៖ យោងតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចុះវាស់វែងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋរស់នៅយូរឆ្នាំក្នុងតំបន់ការពារ និងរបៀងអភិរក្សជីវចម្រុះ រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំកិច្ចប្រជុំ ក្រុមការងារចុះវាស់វែងដី កាន់កាប់របស់ប្រជាពលរដ្ឋរស់នៅយូរឆ្នាំក្នុងតំបន់ការពារធម្មជាតិ និងច្រករបៀងអភិរក្សជីវចម្រុះក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងទាំងមូល ក្រោមអធិបតីភាពលោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ស្ទឹងត្រែង និងមានការចូលរួមពីលោកអភិបាលរងខេត្តទទួលបន្ទុកដីធ្លី រួមនឹងគណៈអភិបាលក្រុង/ស្រុក និងមន្ទីរអង្គភាពដែលពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបផងដែរ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះលោក ស្វាយ សំអ៊ាង បានចាត់ឱ្យមន្ត្រីក្នុងមន្ទីរពាក់ព័ន្ធជំនាញចុះវាស់វែងដីដែលកាន់កាប់ដោយប្រជាពលរដ្ឋរស់នៅយូរឆ្នាំ ក្នុងតំបន់ការពារធម្មជាតិ ច្រករបៀងអភិរក្សជីវចម្រុះតំបន់ការពារធម្មជាតិ ផ្តល់ឱ្យមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។
ក្នុងនោះផងដែរលោក ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង
ក៏បានលើកឡើងពីការដាក់ចេញគោលការណ៍ស្នូលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើការគ្រប់គ្រងតំបន់ការពារ និងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ និងបញ្ហាប្រឈមក្នុងការចុះវាស់វែងដីជូនប្រជាពលរដ្ឋនៅតាមបណ្តាស្រុកមួយចំនួន លើកលែងតែស្រុកបុរីអូរស្វាយសែនជ័យ និងក្រុងស្ទឹងត្រែង។
ជាចុងក្រោយនេះលោកស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានជំរុញដល់ក្រុមការងារចុះវាស់វែងដីធ្លី ត្រូវមានទិន្នន័យប្រជាជនច្បាស់លាស់ មានការកំណត់ឱ្យបានច្បាស់លាស់រវាងក្បាលដីនីមួយៗឱ្យបានច្បាស់លាស់ក្នុងការចុះវាស់វែងនេះ ហើយមានការជូនព័ត៌មានជាមុនដើម្បីងាយស្រួលក្នុងការអនុវត្តរបស់មន្ត្រីជំនាញ និងត្រូវមានការសហការពីប្រជាពលរដ្ឋជាមុន។
នេះបើតាមការបញ្ជាក់របស់លោក មិញ ស៊ីចាយ ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តដែលបានឱ្យដឹងថា: ក្រុមការងារដែលត្រូវអនុវត្តមាន ៥គោលដៅគឺ:
១-ដែនជម្រកសត្វព្រៃ-ព្រៃឡង់
២-ដែនជម្រកសត្វព្រៃសៀមប៉ាង
៣-តំបន់រ៉ាមសារ
៤-ឧទ្យានជាតិវរជ័យ
៥-ច្រករបៀងអភិរក្សជីវចម្រុះ ដែលជាតំបន់ពាក់ព័ន្ធក្នុងតំបន់ការពារដែលពលរដ្ឋចូលកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិរយ:ពេលយូរ មានផលដំណាំរួចហើយ ក្រៅពីនោះដីព្រៃត្រូវរក្សាទុកមិនឱ្យប៉ះពាល់ឬកាប់ទន្ទ្រានបន្តទៀតឡើយ៕
ដោយ៖ មាស សុផាត