សហព័ន្ធបាល់ទាត់ប្រទេសអេហ្ស៊ីបបានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងសហព័ន្ធបាល់ទាត់សេណេហ្គាល់ដែលពួកគេអះអាងថា ក្រុមរបស់ពួកគេត្រូវបានទទួលរងនូវការរើសអើងជាតិសាសន៍ ដោយអ្នកគាំទ្ររបស់សេណេហ្គាល់នៅទីក្រុងដាកា។
ការស៊ុតបាល់ប៉េណាល់ទីដែលជាគ្រាប់ជ័យជម្នះពីសំណាក់កីឡាករSadio Mane បានជួយឲ្យសេណេហ្គាល់កក់កៅអី World Cup ទៅកាន់ប្រទេសកាតាឆ្នាំនេះដោយយកឈ្នះក្រុមអេហ្ស៊ីប១ទល់០។ ប្រធានក្រុមអេហ្ស៊ីប Salah គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមួយចំនួនដែលត្រូវបានគេបាញ់តម្រង់ទិសដោយភ្លើងឡាស៊ែរពណ៌បៃតងអំឡុងពេលប្រកួត។ គេក៏បានអះអាងដែរថា រថយន្តក្រុងរបស់ក្រុមអេហ្ស៊ីបត្រូវបានវាយប្រហារបណ្តាលឲ្យមានមនុស្សរងរបួសផងដែរ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាគមបាល់ទាត់អេហ្ស៊ីប [EFA] បានឲ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងសមភាគីសេណេហ្គាល់ដោយដាក់ពាក្យបណ្តឹងនេះទៅកាន់ FIFA, សហព័ន្ធបាល់ទាត់អាហ្វ្រិក [CAF], អ្នកសង្កេតការណ៍ការប្រកួត និងមន្ត្រីសន្តិសុខ។សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្រុមអេហ្ស៊ីបត្រូវបានទទួលរងនូវការរើសអើងជាតិសាសន៍បន្ទាប់ពីការលេចចេញនូវបដាប្រមាថនៅក្នុងកន្លែងឈរតម្រង់ទៅលើកីឡាករ ជាពិសេសកីឡាករ Mohamed Salah។លើសពីនេះ អ្នកគាំទ្រជនជាតិសេណេហ្គាល់ បានបង្កការភ័យខ្លាចដល់កីឡាករអេហ្ស៊ីប ដោយគប់ដប និងគប់ដុំថ្មមកលើពួកគេអំឡុងពេលហាត់កម្តៅសាច់ដុំ ក៏ដូចជាវាយប្រហារលើរថយន្តក្រុងរបស់ក្រុមអេហ្ស៊ីប ដែលបណ្តាលឱ្យបែកកញ្ចក់ និងរបួសមួយចំនួន ដែលត្រូវបានចងក្រងជារូបភាព និងវីដេអូភ្ជាប់ជាមួយពាក្យបណ្តឹង។EFA បានចែករំលែករូបភាពនៃការខូចខាតដល់ឡានក្រុងរបស់ក្រុមនៅលើ Instagram រួមជាមួយនឹងរូបភាពនៃបដាប្រមាថដែលសំដៅទៅលើកីឡាករ Salah ។ស្ថាប័នវិន័យរបស់ FIFA កំពុងវិភាគរបាយការណ៍ពីការប្រកួតនេះ មុនពេលសម្រេចចិត្តលើជំហានបន្ទាប់ដែលត្រូវអនុវត្ត។ ចំណែក ប្រធានសហព័ន្ធសេណេហ្គាល់ លោក Augustin Senghor ដែលជាអនុប្រធាន CAF ផងដែរបាននិយាយថា លោកនឹងរង់ចាំរបាយការណ៍ផ្លូវការអំពីឧប្បត្តិហេតុនេះ។
លោកបានថ្លែងថា “ខ្ញុំមិនបានយកចិត្តទុកដាក់នឹងគ្រាប់ដែលបានបោះនោះទេ។ អំពីភ្លើងឡាស៊ែរ ប្រសិនបើវាកើតឡើង នេះជាលើកដំបូងនៅក្នុងប្រទេសសេណេហ្គាល់។ ប៉ុន្តែយើងដឹងថានៅក្នុងទីក្រុងគែរមានរបស់ទាំងនេះច្រើន ហើយពួកគេត្រូវបានប្រើប្រាស់ជាញឹកញាប់នៅក្នុងប្រទេសជាក់លាក់។ តាមគំនិតរបស់ខ្ញុំ ខ្ញុំមិនបានឃើញអ្វីក្នុងអំឡុងពេលការប្រកួតនេះ ដែលអាចចាត់ទុកថាជាភាពច្របូកច្របល់ ពីព្រោះក្រុមសេណេហ្គាល់ត្រូវបានគេដឹងថាមានការស្វាគមន៍យ៉ាងខ្លាំង” ៕ (រូបភាព ៖ BBC Sport)