លទ្ធផលនៃកិច្ចប្រជុំលើកទី៣៤ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)

ចែករំលែក៖

ភ្នំពេញ : សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣៤ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំលើកទី៣៤ របស់គណៈកម្មការ អន្តររដ្ឋាភិបាលអាស៊ាន (អាយឆា) តាមប្រព័ន្ធវីដេអូ ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាតំណាងកម្ពុជាប្រចាំអោយឆា និងជាប្រធានអោយឆា ឆ្នាំ២០២២ ដែលមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋាន អាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។

នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំ តំណាងប្រទេសសមាជិកអាស៊ានទាំងអស់បានសម្ដែងការអបអរ សាទរ និងស្វាគមន៍ចំពោះកម្ពុជាក្នុងតួនាទីជាប្រធានអាយឆានៅឆ្នាំ២០២២នេះ ព្រមទាំងអបអរសាទរ ចំពោះតំណាងអាយឆារបស់ប្រទេសអាស៊ានមួយចំនួន ដែលទើបតែងតាំងថ្មីសម្រាប់អាណត្តិ ២០២២ ២០២៤។

កិច្ចប្រជុំលើកទី៣៤នេះ បានពិនិត្យលើការអនុម័តរបាយការណ៍សង្ខេបចំនួន៥ អំពីសកម្មភាព របស់អាយឆាក្នុងឆ្នាំ២០២១ ការជម្រាបជូនពីវឌ្ឍនភាពថ្មីៗនិងគំនិតផ្តួចផ្តើមពាក់ព័ន្ធនឹងសិទ្ធិមនុស្ស របស់ប្រទេសសមាជិកអាស៊ានមួយចំនួន បន្ដពិភាក្សាលើឯកសារទស្សនទានជាច្រើននៃកម្មវិធីអាទិភាព របស់អាយឆាដែលគ្រោងអនុវត្តក្នុងឆ្នាំ២០២២ ការពិភាក្សាពីកម្មវិធីអាទិភាពរបស់អាយឆាសម្រាប់ អនុវត្តនៅឆ្នាំ២០២៣ ការរាយការណ៍ពីការតាមដាននិងវាយតម្លៃលើក្របខណ្ឌការងារនៃផែនការ៥ ឆ្នាំរបស់អាយឆា (២០២១-២០២៥) ព្រមទាំងការលើកឡើងពីគម្រោងរៀបចំការប្រារព្ធអបអរខួប ១០ឆ្នាំ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្ដីពីការអនុម័ត សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន។ ផែនការសកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២២ បានផ្តោត លើ សិទ្ធិកុមារ សិទ្ធិជនមានពិការភាព ធុរកិច្ចនិងសិទ្ធិមនុស្ស ការបង្ការទារុណកម្ម សេរីភាពជំនឿ សាសនា សេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិទទួលបានទឹកស្អាតនិងអនាម័យ បម្រែបម្រួលអាកាសធាតុ ការជួញដូរមនុស្ស សិទ្ធិទទួលបានសេវាសុខាភិបាល និងសិទ្ធិទទួលបានសញ្ជាតិ។ កិច្ចប្រជុំក៏បាន ធ្វើបច្ចុប្បន្នភាពលើកម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆា ឆ្នាំ២០១៤-២០២១ ដែលអោយឆាបាន អនុម័តរួចហើយ តែមិនទាន់បានរៀបចំធ្វើដោយសារតែបញ្ហាជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ ក៏មានការធ្វើបច្ចុប្បន្នភាពទៅលើសេចក្តីព្រាងរបាយការណ៍ចំនួន៥ ស្តីពីកម្មវិធី/សកម្មភាពដែលអាយឆាបាន អនុវត្តនាពេលកន្លងមក ព្រមទាំងវឌ្ឍនភាពនៃការសិក្សា និងប្រធានបទសិក្សារបស់អាយាឆាចំនួន៥ សកម្មភាពទៀត។

កិច្ចប្រជុំបានពិភាក្សាលើទម្រង់ឯកសារចំនួន៣សម្រាប់ជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្ត្រីការបរទេស អាស៊ាន ដែលរួមទាំងរបាយការណ៍សកម្មភាពរបស់អាយឆាត្រៀមធ្វើការរាយការណ៍ជូនកិច្ចប្រជុំរដ្ឋ មន្ត្រីការបរទេសអាស៊ាននៅអំឡុងខែកក្កដាឆ្នាំ២០២២ ខាងមុខនេះ។

កិច្ចប្រជុំនេះ ក៏បានពិភាក្សាអំពីទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយអាយឆាកម្ពុជា និង អាយឆាឥណ្ឌូនេស៊ី បានឯកភាពរួមគ្នាក្នុងការរៀបចំកិច្ចសន្ទនាលើកទី៤ រវាងអាយឆានិងសហគមន៍ អឺរ៉ុប លើគោលនយោបាយស្តីពីសិទ្ធិមនុស្ស។ ចំពោះការងារទំនាក់ទំនងជាមួយសង្គមស៊ីវិល តំណាង កម្ពុជា រួមជាមួយអាយឆាថ និងអាយឆាម៉ាឡេស៊ី បានចូលរួមធ្វើជាគណៈកម្មការត្រួតពិនិត្យនិងវាយ តម្លៃសម្រាប់ផ្តល់ឋានៈជាដៃគូសន្ទនារបស់អាយឆាដល់អង្គការសង្គមស៊ីវិល (Screening Panel)។ លើបញ្ហាផ្សេងៗ កិច្ចប្រជុំបានពិភាក្សាលើការបង្កើតក្រុមការងារ ការសម្ពោធផែនការសកម្មភាព និង ក្របខណ្ឌយុទ្ធសាស្ត្រផ្សេងៗ ដើម្បីការលើកកម្ពស់និងការការពារលើវិស័យសិទ្ធិមួយចំនួន។

កិច្ចប្រជុំលើកទី៣៤របស់អាយឆា បានបញ្ចប់ទៅដោយរលូននិងជោគជ័យ ហើយសមាជិក ទាំងអស់នៃកិច្ចប្រជុំបានសម្តែងនូវការកោតសរសើរចំពោះតំណាងកម្ពុជាប្រចាំអោយឆា ដែលបានដឹក នាំកិច្ចប្រជុំរយៈពេល២ថ្ងៃនេះឱ្យទទួលបានលទ្ធផលល្អ។ តំណាងនៃប្រទេសអាស៊ានទាំងអស់ប្រចាំ អាយឆា នឹងរួមសហការគ្នាក្នុងការអនុវត្តនូវផែនការសកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២២ ក្នុង ទិសដៅនៃការលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់អាស៊ាន៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print