ពលរដ្ឋប្រមាណ៣០០នាក់ ស្នើសុំឱ្យអាជ្ញាធរបើកផ្លូវឡើងវិញ បន្ទាប់ពីយកផ្ទាំងថ្មទៅដាក់នៅសងខាងផ្លូវ មិនឱ្យរថយន្តធុនធំដឹកកសិផល បើកបរចេញចូលមិនបាន

ចែករំលែក៖

ខេត្តបាត់ដំបង+ប៉ៃលិន ៖ ក្រោយពីសង្កេតឃើញ អាជ្ញាធរជំនាញ បានយកដុំថ្មទៅរៀបបិទបង្រួ មសងខាងផ្លូវ មិនឱ្យរថយន្តធុនធំ បើកបរដឹកកសិផលទៅមកដូចមុន ប្រជាពលរដ្ឋប្រមាណ៣០០នាក់ កើតទុក្ខមិនសុខចិត្ត ក៏នាំគ្នាយកត្រាក់ទ័រទៅបិទផ្លូវតវ៉ា ដើម្បីឱ្យថ្នាក់លើជួយសម្រួលបើកផ្លូវធំទូលាយដូចមុនឡើងវិញ ខណ:គេដាក់ដុំថ្មនៅសងខាងផ្លូវ ចំនួន៤ទៅ៥កន្លែង។

ហេតុការណ៍ប្រជាពលរដ្ឋនាំគ្នាតវ៉ាបិទផ្លូវក្រាលកៅស៊ូនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអូរឃ្មុំ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាប់នឹងព្រំប្រទ ល់ខេត្តប៉ៃលិន ក្នុងភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

បើតាមការរៀបរាប់ពីប្រជាពលរដ្ឋ ឈ្មោះ ញ៉ាញ់ គឹមសោន ភេទប្រុស អាយុ៣៥ឆ្នាំ, ឈ្មោះ នង វទ្ធី ភេទប្រុស, ឈ្មោះ ចយ ភេទប្រុស និងឈ្មោះ ប៉ុន ស្រស់ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិខាងលើ បានរៀបរាប់ឲ្យដឹងដូចៗគ្នាថា ៖ ក្រោយពីឃើញអាជ្ញាធរ និងមន្រ្តីជំនាញ បានយកដុំថ្មទៅបិទឃាំងបង្រួមផ្លូវក្រាលកៅស៊ូចំនួន៤ទៅ៥កន្លែង ដោយទុកទទឹងផ្លូវ តែប្រវែង២.៦ម៉ែត្រទៅ២.៧ម៉ែត្រ ជាហេតុមិនឱ្យរថយន្តធុនធំ ដឹកកសិផល បើកបរចេញចូលតាមដងផ្លូវខាងលើនេះបាន ពិតជាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ជីវភាពរបស់ពួកគាត់ ដោយក្រោយពីប្រមូលកសិផលរួច អត់មានឈ្មួញថៃណាម្នាក់ហ៊ានចូលទៅទិញនោះឡើយ ជាហេតុធ្វើឱ្យតម្លៃទីផ្សារដំឡូងមី មានការធ្លាក់ចុះយ៉ាងគំហុក។ ពីមុនឈ្មួញហ៊ានទិញ ដំឡូងមី ១គីឡូក្រាម តម្លៃ២.១ ទៅ២.២បាត (ប្រាក់ថៃ) ជាង២០០រៀល។ តែពេលនេះ តម្លៃទីផ្សារធ្លាក់ចុះខ្លាំង នៅសល់១គីឡូក្រាម ត្រឹមតែ១បាត (ប្រាក់ថៃ) ជាង១០០រៀលប៉ុណ្ណោះ ។ ហើយនៅក្នុងស្តង់របស់ឈ្មួញមួយចំនួន ត្រូវថៅកែបង្ខំចិត្តបិទទ្វារ ព្រោះមិនអាចបើកបររថយន្តចូលទៅដឹកកសិផលដំឡូងមីដូចមុនបានឡើយ ដោយគេអនុញ្ញាតឱ្យតែរថយន្តតូចៗចូលប៉ុណ្ណោះ។

ពួកគាត់បន្តទៀតថា មិនត្រឹមតែរថយន្តថៃដឹកកសិផលចូលមិនរួចប៉ុណ្ណោះទេ សូម្បីតែត្រាក់ទ័រភ្ជួររាស់ដី និងដាំពោត ដំឡូងមីរបស់ពួកគាត់ ដែលភ្ជាប់ឧបករណ៍ពូនរងពីក្រោយ ក៏ចូលមិនរួចដែរ ធ្វើឱ្យពួកគាត់មានការលំបាកយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត ពួកគាត់ស្នើសុំឱ្យម៉ាស៊ីនកសិកម្ម ដូចជាត្រាក់ទ័រ និងគោយន្តច្នៃ អាចបើកបរទៅមកដោយស្រួលផងដែរ។

បើសិនជាអាជ្ញាធរជំនាញមិនព្រមដោះស្រាយបញ្ហានេះទេ ពួកគាត់នឹងធ្វើការតវ៉ាបិទផ្លូវ នៅថ្ងៃខាងមុខឆាប់ៗ នេះទៀត ក៏សូមឱ្យខាងក្រសួង និងថ្នាក់ដឹកនាំខាងលើជួយអន្តរាគមន៍ពួកគាត់ដែលជាកសិករ កំពុងជួបការលំបាកជីវភាព ដោយណាមួយតម្លៃទីផ្សារប្រេងសាំងឡើងថ្លៃ រីឯកសិផលកាន់តែធ្លាក់ទាបទៅៗហៅលែងឮតែម្តង។

បើតាមការរៀបរាប់ពីលោក កុល ស៊ីនួន ជំទប់ទី១ ឃុំរស្មីសង្ហារ បានឱ្យដឹងថា ៖ ការបិទផ្លូវនេះ គឺខាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន មិនមែនខាងឃុំ ស្រុកឬខេត្តបាត់ដំបងនោះឡើយ។

លោកបន្តទៀតថា÷ ការបិទផ្លូវនេះ មិនក្នុងគោលបំណងមិនឱ្យរថយន្តធុនធ្ងន់ខុសបច្ចេកទេសបើកបរចូលបានឡើយ ព្រោះនាំឱ្យខូចផ្លូវ អាចត្រឹមតែរថយន្តស្តង់ដារ ដូចជារថយន្តដឹកកសិផល របស់ថៃ សណ្តោងរ៉ឺម៉ក ក៏អាចបើកបរចូលបានដែរ ហើយខាងលោកកំពុងតែស្នើសុំទៅខាងក្រសួងឱ្យជួយបង្ខិតចេញក្រៅបន្តិចទៀត ដើម្បីឱ្យប្រជាពលរដ្ឋអាចបើកបររថយន្ត ឬត្រាក់ទ័រ ទៅភ្ជួរដីចម្ការរបស់ខ្លួនមិនប៉ះគែមសងខាងផងដែរ។

ស្រ្តីម្នាក់ ឈ្មោះ សៀ សុភ័ក្ត្រ អាយុ២៥ឆ្នាំ ជាតំណាងឱ្យម្ចាស់ស្តង់ដំឡូងមីរបស់ថៅកែថៃ បានឱ្យដឹងថា ៖ បន្ទាប់ពីឃើញអាជ្ញាធរ ជំនាញយកផ្ទាំងថ្មទៅបិទផ្លូវ ពេលនេះថៅកែថៃផ្អាកទិញកសិផល ពោតក្រហម និងដំឡូងមីហើយ នៅកន្លែងស្តង់មួយចំនួនទៀត ដែលស្ថិតនៅក្បែរៗ ផ្លូវក្រាលកៅស៊ូខាងលើ ក៏ត្រូវបង្ខំចិត្តបិទទ្វារតែម្តង ដោយឱ្យកសិករដែលធ្លាប់ដឹកយកទៅលក់ឱ្យស្តង់របស់ខ្លួន ដឹកយកទៅលក់នៅកន្លែងផ្សេងឆ្ងាយពីផ្ទះរបស់ពួកគាត់។ ស្រ្តីខាងលើបានបន្តទៀតថា បើសិនជាអាជ្ញាធរ ពាក់ព័ន្ធ មិនឆាប់ដោះស្រាយបញ្ហានេះទេ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវក្រាលកៅស៊ូខាងលើនឹងជួបការលំបាកចំពោះជីវភាពជាក់ជាមិនខាន។

ចំណែកលោក គុយ វណ្ណណូ អភិបាលស្រុករតនមណ្ឌល បានឱ្យដឹងដែរថា ៖ បន្ទាប់ពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន សង្កេតឃើញថា មានរថយន្តធុនធំរបស់ថៃ ដឹកកសិផលលើសទម្ងន់ ធ្វើឱ្យខូចខាតផ្លូវខាងលើ ទើបគេចុះទៅបិទបង្រួមផ្លូវឱ្យតូច ដែលក្នុងនោះរថយន្តទម្ងន់ត្រឹម១០តោន ទើបអាចបើកបរចូលតាមផ្លូវខាងលើនេះបាន ដោយគោលការណ៍នេះ មិនមែនខាងស្រុករបស់លោកឡើយ។ ម្យ៉ាងវិញទៀត ទោះបីជាបិទផ្លូវ ក៏តម្លៃទីផ្សារកសិផលមិនមានការធ្លាក់ថ្លៃអ្វីនោះឡើយ៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print