លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយគោលនយោបាយ​រដ្ឋាភិបាល​ឌីជីថលកម្ពុជា ២០២២-២០៣៥

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០២២​ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ តាមប្រព័ន្ធសន្និសីទវីដេអូ (Zoom) ដោយមានការអញ្ជើញចូលរួមពីតំណាង​អង្គការ​សហ​ប្រជាជាតិ​ប្រចាំប្រទេសកម្ពុជា ក្រសួង ស្ថាប័ន និងវាគ្មិនកិត្តិយសជាតិនិងអន្តរជាតិមកពីវិស័យសាធារណៈ វិស័យឯកជន គ្រឹះស្ថានអប់រំ អ្នកជំនាញ អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។ សិក្ខាសាលានេះ​មាន​គោលបំណង​សំខាន់ គឺដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពីគោលនយោបាយរដ្ឋា ភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដោយផ្តោតលើ (ទី១) ការអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​ឌីជីថល​និង​សន្តិសុខសាយប័រ (ទី២) អភិបាលកិច្ចរដ្ឋាភិបាលឌីជីថលនិងសេវាសាធារណៈឌីជីថល (ទី៣) ទេពកោសល្យ​និង​នវានុវត្តន៍​ឌីជីថល និង (ទី៤) កិច្ចសហប្រតិបត្តិការជា​មួយវិស័យឯកជន​ ដៃគូអភិវឌ្ឍន៍ និងសាធារណៈជន ក្នុងការចូលរួមអនុវត្តគោលនយោបាយនេះផងដែរ។

ថ្លែងក្នុងអង្គសិក្ខាសាលា លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ជាឯកសារ​យុទ្ធសាស្ត្រ​និងជាផែនទី​បង្ហាញផ្លូវ​ដើម្បីសម្រេចឱ្យបាននូវការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល​ពេញលេញ ដោយឈរលើចក្ខុវិស័យ “កសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្ត ប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ” ស្របតាមការយកចិត្តទុកដាក់ដ៏​ខ្ពង់​ខ្ពស់របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលនយោបាយនេះត្រូវបានរៀបចំឡើងតាម​និន្នាការសកលនៃបរិវត្តកម្មឌីជីថល ដោយបានគិតគូរ និងសិក្សាពីបទពិសោធនៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលរបស់ប្រទេសក្នុងតំបន់ និងសកល។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជាមានសន្ទុះកាន់តែខ្លាំងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យសាធារណៈ វិស័យឯកជន និង​ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​ទូទៅ ស្របតាមតម្រូវការសកម្មភាពសេដ្ឋកិច្ច របៀបរបបការងារ​និងការរស់នៅ​ប្រចាំថ្ងៃ​តាម​គន្លងប្រក្រតីភាពថ្មី។

សូមបញ្ជាក់ថា គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដោយក្នុងនោះ បានកំណត់នូវយុទ្ធសាស្ត្រចំនួន ១០ រួមមាន៖

១.​ ការរៀបចំនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល
២.​ ការរៀបចំនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលសម្រាប់សេវាសាធារណៈ
៣. ការរៀបចំនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខឌីជីថល
៤. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាប្រៃសណីយ៍
៥. ការរៀបចំអភិបាលកិច្ចរដ្ឋាភិបាលឌីជីថល
៦. ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនិងសេវាសាធារណៈ
៧. ការកសាងមូលធនមនុស្សឌីជីថល
៨. ការលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល
៩. ការរៀបចំកិច្ចសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល
១០. ការលើកកម្ពស់ធុរកិច្ចថ្មីឌីជីថល ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print