រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Shoigu បានបង្ហាញខ្លួនជាលើកដំបូង ក្រោយរយៈពេលជាច្រើនសប្តាហ៍បង្កឱ្យមានពាក្យចចាមអារ៉ាមថា លោកបាត់ខ្លួនឬត្រូវដកតំណែង ។ ការបង្ហាញខ្លួនជាថ្មី គឺដើម្បីផ្តល់របាយការណ៍ស្តីពីស្ថានភាពយោធារុស្ស៊ី។
កាលពីចុងខែមីនា នាយឧត្តមសេនីយ៍ Sergei Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងពីស្ថានភាពកម្លាំងទាហានរុស្ស៊ីនៅក្នុងសង្គ្រាមប្រទេសអ៊ុយក្រែន នាខែដំបូងនៃសង្គ្រាម។ លោកបានប្រកាសថា គោលដៅសំខាន់នៅក្នុងសង្គ្រាមដំណាក់កាលដំបូងទទួលបានជោគជ័យ ។
ស្ថានភាពនៃសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនអាចនឹងប្រែប្រួល ហើយពេលនេះសហរដ្ឋអាមេរិកបានណែនាំជាថ្មីឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីរុស្ស៊ី និងអ៊ុយក្រែន ជាបន្ទាន់។ ក្រសួងការបរទេសអាមេរិក នៅ៣១ខែមីនា (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសជាថ្មីឱ្យពលរដ្ឋអាមេរិកទាំងអស់ដែលកំពុងស្ថិតនៅក្នុងប្រទេសរុស្ស៉ី និងអ៊ុយក្រែនគួរតែចាកចេញជាបន្ទាន់ ដោយបារម្ភថាពួកគេអាចនឹងត្រូវបានឃុំខ្លួន និងធ្វើបាបដោយមន្ត្រីសន្តិសុខរុស្ស៊ី ដោយសារបញ្ហាសញ្ជាតិរបស់ពួកគេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយ (Ned Price) បានធ្វើការប្រកាសខាងលើនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅក្នុងតំបន់ Foggy Bottom នៃទីក្រុងវ៉ាស៉ីនតោន។ លោកបញ្ជាក់ថា «ពលរដ្ឋអាមេរិកទាំងអស់ដែលកំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន គួរតែចាកចេញជាបន្ទាន់»។ លោក Price បានបន្ថែមថា ការណែនាំអំពីការធ្វើដំណើររបស់ពលរដ្ឋអាមេរិកត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពី «របាយការណ៍» ដែលថា មន្ត្រីសន្តិសុខរុស្ស៊ីអាចនឹង «ឃុំខ្លួន ឬធ្វើបាប» ពលរដ្ឋអាមេរិក ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន និងរុស្ស៊ី។
បើតាមលោក Price សហរដ្ឋអាមេរិកបានមើលឃើញពីការបំពានលើសមភាព សេរីភាពបញ្ចេញមតិ និងសិទ្ធិមនុស្ស» ពីសំណាក់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន៕ ដោយធីរីណា