សម្ដេចក្រឡាហោម ស ខេង ផ្ញើសារគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃខួបចម្រើនជន្មាយុគម្រប់ ៧១ ឈានចូល ៧២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ : តាងនាមឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សូមអនុញ្ញាតចូលរួមប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃខួបចម្រើនជន្មាយុ គម្រប់ ៧១ ឈានចូល ៧២ឆ្នាំ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ជាមួយនឹងអំណរសាទរក្នុងទិវាដ៏នក្ខត្តឫក្សនេះ សម្ដេចក្រឡាហោម សូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះចំពោះ ចក្ខុវិស័យដ៏វែងឆ្ងាយ និងមគ្គទ្ទេសក៍ដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងខិតខំយកអស់កម្លាំងកាយ និងបញ្ញាញាណ ពុះពារជម្នះរាល់ឧបសគ្គ ក្នុងស្មារតី និងបុព្វហេតុនៃឧត្តមប្រយោជន៍ជាតិ និង ប្រជាជន។

សម្ដេចក្រឡាហោម បានបន្ដថា ជាក់ស្ដែង ថ្វីត្បិតស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ ក៏ប៉ុន្តែតាមរយៈជោគជ័យដ៏ត្រចះត្រចង់នៃយុទ្ធសាស្ត ប្រកបដោយសក្តានុពលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបង្កើតនូវសមិទ្ធផលដ៏ធំធេងនូវការបើកដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យរបស់សង្គម ជាពិសេស បានបង្កបរិយាកាសជំរុញដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទយ៉ាងសកម្មផុលផុស ដែលរួមចំណែកយ៉ាង សំខាន់ដល់ការពន្លឿនការស្ដារសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាម បីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួង កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print