ភ្នំពេញ : នារសៀលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) អមដោយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលចំនួន ៨រូប បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារវ៉ាក់សាំងជាមួយ លោកស្រី ណាឌីយ៉ា ឡាស្រ៊ី (Nadia Lasri) ប្រធានគ្រប់គ្រងជាន់ខ្ពស់របស់អង្គការ GAVI និងមជ្ឈមណ្ឌលកូវ៉ាក់ (COVAX) ប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ ប្រចាំការិយាល័យកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកស្រី រីលី អាក់ (Reillie Acks) ប្រធានកម្មវិធី GAVI និងមជ្ឈមណ្ឌលកូវ៉ាក់ (COVAX) ប្រចាំការិយាល័យកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailian) តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា លោកស្រី ហ្វូរ៉ូហ្វ ហ្វូយូហ្សាត (Foroogh Foyouzat) តំណាងអង្គការ UNICEF ប្រចាំកម្ពុជា លោកស្រី សូលែន ស្កត់នី (Soleine Scotney) ប្រធានអង្គការ CHAI នៅកម្ពុជា និងទីប្រឹក្សាជំនាញរបស់អង្គការទាំង៣ អមដំណើរផងដែរ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ដើម្បីសិក្សាស្វែងយល់អំពីប្រព័ន្ធសុខាភិបាលកម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ជាពិសេសការងារវ៉ាក់សាំងបង្ការជំងឺរួមទាំងវ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា។ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពជំងឺកូវីដ-១៩ ព្រមទាំងយុទ្ធនាការចាំបាច់ និងសំខាន់ៗ ដែលត្រូវបានអនុវត្តនាពេលកន្លងមករហូតឈានទៅគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ និងការបើកប្រទេសឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។ លទ្ធផលសម្រេចបានគួរជាទីមោទនៈនេះ បានមកពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងផែនការស្រោចស្រពចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសតាមយុទ្ធសាស្រ្តផ្ការីក។ ជាមួយគ្នានេះ ក្នុងនាមក្រសួងសុខាភិបាល និងគ.វ.ក-១៩ លោកស្រីរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់អង្គការ GAVI និងមជ្ឈមណ្ឌលកូវ៉ាក់ (COVAX) ដែលសម្របសម្រួលដោយអង្គការសុខភាពពិភពលោក (WHO) និងអង្គការ UNICEF ដែលមានផែនការផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៦,៦០០,០០០ ដូស ជូនកម្ពុជា (ស្មើនឹង ២០% នៃចំនួនប្រជាពលរដ្ឋសរុប) ដែលមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១,៨៧២,២៦០ ដូស នាពេលកន្លងមករួចហើយ និងកំពុងសម្របសម្រួលដើមី្បផ្តល់នូវវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ៥,៥១៥,៣៨០ ដូសបន្ថែមទៀតមកកម្ពុជា ក្នុងឆ្នាំ២០២២ ។
លោកស្រីរដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូថា ថ្មីៗនេះក្រសួងសុខាភិបាលកំពុងពិនិត្យលទ្ធភាពដាក់ចេញនូវការអនុវត្តការងារជម្រុញការថែទាំសុខភាពបឋម (Primary Health Care (PHC) Booster Implementation Framework) សំដៅបន្តលើកកម្ពស់សុខភាពប្រជាជននៅតាមសហគមន៍ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពផ្តល់សេវា និងការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជាឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ដែលទាមទារឱ្យមានការចូលរួមពីប្រជាជន រដ្ឋបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិ ជាមួយនឹងការគាំទ្រពីដៃគូអភិវឌ្ឍន៍វិស័យសុខាភិបាល។
លោកស្រី ណាឌីយ៉ា ឡាស្រ៊ី (Nadia Lasri) ប្រធានគ្រប់គ្រងជាន់ខ្ពស់របស់អង្គការ GAVI និងមជ្ឈមណ្ឌល កូវ៉ាក់ (COVAX) ប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ បានអបអរសាទរ និងកោតសរសើរនូវការខិតខំជាបន្តបន្ទាប់ និងជាប្រចាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ជាពិសេសការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ លោកស្រីប្រធាន បានបញ្ជាក់នូវគោលជំហររបស់អង្គការ GAVI និងមជ្ឈមណ្ឌលកូវ៉ាក់ (COVAX) ក្នុងការបន្តគាំទ្រពង្រឹងកម្មវិធីចាក់ថ្នាំបង្ការនៅកម្ពុជា ជាពិសេសពិនិត្យលទ្ធភាពផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បន្ថែមទៀត និងសម្របសម្រួលការផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពីដៃគូអភិវឌ្ឍដល់កម្ពុជា ក្នុងនោះក៏មានការគាំទ្រផ្តល់ជាជំនួយសម្រាប់ការងារចាក់ថ្នាំបង្ការជំងឺជាប្រចាំ និងដំណើរការបច្ចេកទេសគាំទ្រការងារចាក់វ៉ាក់សាំងសម្រាប់ឆ្នាំ២០២៣-២០២៧ នូវទឹកប្រាក់ចំនួន ១៩,៥០៧,០២៨ ដុល្លារសហរដ្ឋអាមេរិក បន្ថែមលើគម្រោងដែលកំពុងអនុវត្តបច្ចុប្បន្ននូវទឹកប្រាក់សរុបចំនួន ៤២,៥១២,២១៣ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២១-២០២២ ដែលធ្វើឱ្យទឹកប្រាក់ជំនួយផ្តល់មកកម្ពុជាពីឆ្នាំ២០២១-២០២៧ កើនឡើងដល់សរុបចំនួន ៦២,០១៩,២៤១ ដុល្លារសហរដ្ឋអាមេរិក។ នៅក្នុងចំនួនជំនួយសរុបប្រមាណ ៦២លាន ដុល្លារសហរដ្ឋអាមេរិកនេះ មានជំនួយផ្នែកទីប្រឹក្សាបច្ចេកទេសផ្តល់ជូនដល់អង្គការសុខភាពពិភពលោក (WHO) អង្គការ UNICEF និងអង្គការ CHAI
ក្នុងចំនួនទឹកប្រាក់មួយចំនួនធំដែរ។ បន្ថែមលើនេះអង្គការ GAVI និងមជ្ឈមណ្ឌលកូវ៉ាក់ (COVAX) ក៏កំពុងតែបន្តការគាំទ្រលើផ្នែកពង្រឹងប្រព័ន្ធសុខាភិបាល សំដៅពង្រឹងការងារចាក់វ៉ាក់សាំងជាប្រចាំទូទៅ (Routine Immunization) បន្ថែមទៀតដល់ប្រទេសកម្ពុជាផងដែរ ៕
ដោយ : សិលា