ភ្នំពេញ៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃបានបញ្ជូនខ្លួនបុរសម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធករណីឆបោករឿងទិញដីធ្លី ដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរ។
ជនសង្ស័យឈ្មោះពៅ សុចិត្ត ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅថ្ងៃទី០១ ខែមេសា តាមពាក្យបណ្តឹងពាក់ព័ន្ធការឆបោកក្នុងសំណុំរឿងទិញលក់ដីពីរកន្លែងស្ថិតនៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមពាក្យបណ្តឹងដែលបានដាក់ចូលទៅកាន់អយ្យការអមសាលាដំបូងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានរៀបរាប់ថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ឈ្មោះ ពៅ សុចិត្ដ បានប្រើឧបាយកលទៅទិញដីដោយបានភូតកុហកថា ខ្លួនមានប្រាក់គ្រប់ចំនួនសម្រាប់ការទិញដីទាំងពីរកន្លែងនេះ។
នៅក្នុងពាក្យបណ្តឹងនេះបានរៀបរាប់ថា បន្ទាប់ពីបានបង់ប្រាក់កក់រួច ឈ្មោះ ពៅ សុចិត្ដ បានគេចវេះមិនព្រមបង់ប្រាក់ជូនម្ចាស់ដីទៀតតាមកិច្ចសន្យាទិញលក់អចលនវត្ថុនោះឡើយ ទោះបីម្ចាស់ដីបានអនុគ្រោះលើកពេលជូនជាច្រើនលើកច្រើនសាយ៉ាងណាក៏ដោយ។ ជាងនេះទៅទៀតឈ្មោះ ពៅ សុចិត្ត បានបន្តប្រើឧបាយកលទុច្ចរិតជាច្រើនក្នុងការគេចវេះពីការបង់ប្រាក់ ថែមទាំងបានប្រើវិធីផ្សេងៗក្នុងការបង្កជាឧបសគ្គដល់ម្ចាស់ដីក្នុងការលក់ដីបន្តទៅឱ្យអ្នកដទៃ។
នៅក្នុងពាក្យបណ្តឹងដដែលនេះ ស្ត្រីជាម្ចាស់ដីបានរៀបរាប់ថា ឈ្មោះ ពៅ សុចិត្ត ពុំមានប្រាក់ទិញដីរបស់ខ្លួននោះទេ គឺគ្រាន់តែធ្វើជាអ្នកទិញដីដោយពុំមានប្រាក់បង់ថ្លៃដីគ្រប់ចំនួនឡើយ ហើយព្យាយាមរិះរកគ្រប់មធ្យោបាយក្នុងគោលបំណងឱ្យម្ចាស់ដីមានការខាតបង់ប្រាក់ ខកខានការវិនិយោគលើដី និងខាតបង់ពេលវេលា។
ស្ត្រីជាម្ចាស់ដីបានលើកឡើងយ៉ាងដូច្នេះថា «ទង្វើទុច្ចរិតរបស់ឈ្មោះ ពៅ សុចិត្ដ គឺសបញ្ជាក់ឱ្យឃើញថាគឺជាទង្វើទុច្ចរិត និងមានចេតនាបោកប្រាស់មកលើនាងខ្ញុំ ដោយឈ្មោះនេះគ្រាន់តែកក់ប្រាក់ថ្លៃដី ហើយមានចេតនារារាំងមិនឱ្យនាងខ្ញុំលក់ដីទៅឱ្យអ្នកដទៃ។ ទង្វើបែបនេះបានធ្វើឱ្យខូចខាតផលប្រយោជន៍វិនិយោគលេីដី និងខាតបង់ពេលវេលាមកលើនាងខ្ញុំយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើនាងខ្ញុំមិនចាញ់កលល្បិចរបស់ឈ្មោះ ពៅ សុចិត្ដ ហើយលក់ដីនេះទៅឱ្យអ្នកដទៃដែលគេបានឱ្យតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃដែលឈ្មោះ ពៅ សុចិត្ដ ឲ្យនោះ ម្ល៉េះនាងខ្ញុំនឹងទទួលបានប្រាក់ថ្លៃទិញដីគ្រប់ចំនួនទៅវិនិយោគបន្ត មិនរាំងស្ទះការវិនិយោគ ហើយក៏មិនខាតបង់ពេលវេលាដែរ»។
លើសពីនេះទៀត ស្ត្រីជាម្ចាស់ដីបានលើកឡើងថា ខ្លួនទទួលរងភាពអយុត្តិធម៌ណាស់កន្លងមក ហើយខ្លួនក៏ហួសចិត្តបំផុត ដោយជនទុច្ចរិតឈ្មោះ ពៅ សុចិត្ត នេះអាក្រក់លើអាក្រក់ទិញដីមិនត្រឹមតែមិនព្រមបង់លុយគ្រប់ចំនួនតាមលក្ខខណ្ឌក្នុងកិច្ចសន្យាទិញលក់អចលនវត្ថុទេ ថែមទាំងប្រើឧបាយកលយង់ឃ្នងពីក្រោយខ្នងធ្វើជាឧបសគ្គដើម្បីកុំឱ្យម្ចាស់ដីលក់ដី ឬវិនិយោគលើដីនេះបានហើយថែមទាំងបានប្តឹងម្ចាស់ដីទៀតផងនាពេលកន្លងមក។
ស្ត្រីម្ចាស់ដីបន្តថា ប៉ុន្តែដោយសារតុលាការរកភស្ភុតាងឃើញ ហើយខ្លួនមានឯកសារស្របច្បាប់គ្រប់គ្រាន់ទើបតុលាការអនុវត្តដីកាឱ្យសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ពៅ សុចិត្ត។ ក្នុងពាក្យបណ្តឹងនេះ ស្ត្រីជាម្ចាស់ដីបានទាមទារសំណងជំងឺចិត្ដពីពៅ សុចិត្ត ចំនួន៥ម៉ឺនដុល្លារ និងទាមទារសងការខូចខាតពេលវេលាចំនួន ៥ម៉ឺនដុល្លារផងដែរ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕ ដោយ រ៉ារ៉ា