ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានបើករថយន្តយ៉ាងលឿនហើយឱនយកទូរស័ព្ទមកនិយាយក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ចំណែករថយន្តបែកកង់ទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងមុខសួនច្បារក្តាន់២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកNISSAN ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AS-0614 តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុអ្នកបើកបរបានឱនយកទូរស័ព្ទមកនិយាយក៏រេចង្កូតរថយន្តទៅទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់ចំនួន៣កង់ ចំណែកឯរថយន្តបែកកង់ទៅមុខលែងរួច តែសំណាងល្អដែរដែលមិនមានគ្រោះថ្នាក់ដល់មនុស្ស។ ភ្លាមៗនោះដែរ ក៏មានជនឆ្លៀតឱកាសចូលយកទូរស័ព្ទ និងកាបូបលុយនៅក្នុងរថយន្ត តែត្រូវបានប្រជាពលរដ្ឋឃើញទាន់ក៏ដេញឃាត់យកកាបូបលុយនិងទូរស័ព្ទបានមកវិញ ប្រគល់ឱ្យម្ចាស់រថយន្ត ចំណែកឯជនសង្ស័យបាននាំទៅប្រគល់ឱ្យសមត្ថកិច្ច។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍យករថយន្តស្ទូចមកស្ទូចយករថយន្តទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ