ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបពីមន្រ្តីគយម្នាក់ បានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែជនរងគ្រោះភ្លាមៗរាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍ ដេញតាមចាប់ជនសង្ស័យ រួមនឹងវត្ថុតាងជាក់ស្ដែង។
ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងនៅវេលាម៉ោងប្រហែល ១០យប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវក្រោយផ្សារទំនើប Orange ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ NGCLYEN LE CHANH ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម (លិខិតឆ្លងដែនមិននៅជាប់ខ្លួន)។ រីឯជនរងគ្រោះ ឈ្មោះ ផង់ ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីគយ កំពង់ផែស្វយ័តខេត្តព្រះសីហនុ ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
យោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យទី០៣ ខែមេសា ឆ្នាំ២០២២នេះថា៖ បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងល្បាតបានធ្វើការស្រាវជ្រាវចេញពួនស្ទាក់ រហូតកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចាប់បានជនសង្ស័យ ០១នាក់ នៅចំណុចម្តុំចំការស្ពៃ ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ចំណែកសម្ភារៈដែលបាត់បង់រួមមាន៖
– កាបូបយួដៃ ម៉ាក LV ចំនួន ០១
– កាបូបលុយ តូច ម៉ាក POLO ពណ៌ខ្មៅ ចំនួន ០១
– កូនសោរថយន្ត ចំនួន ០១
– សម្គាល់ខ្លួននិងកាតធនាគារ មួយចំនួន។
– លុយអាមេរិក ចំនួន ៩០០ (ប្រាំបួនរយ)ដុល្លារ (នៅក្នុងកាបូបលុយ ម៉ាក POLO)។
– លុយខ្មែរ ចំនួនប្រហែល ៦លានរៀល (នៅក្នុងកាបូបយួដៃម៉ាក LV) ។ ដោយឡែកសម្ភារៈដែលដកហូតបានរួមមាន ៖
– ទូរស័ព្ទដៃ ចំនួន 3គ្រឿង
▪︎iPhone (ជារបស់ជនសង្ស័យ)
▪︎OPPO និង Samsung (ជារបស់ជនរងគ្រោះ)
– ម៉ូតូ ១គ្រឿង ម៉ាក Nex ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1O-4835 (មធ្យោបាយធ្វើសកម្មភាព)។
– លុយខ្មែរ ប្រហែល 20ម៉ឺនរៀល។
– លុយអាមេរិក ប្រហែល 860$ (ក្រដាស 100 ចំនួន 8សន្លឹក, ក្រដាស 50$ ចំនួន 1សន្លឹក, ក្រដាស 10$ ចំនួន 1សន្លឹក) – ក្នុងនោះ ជារបស់ជនរងគ្រោះ 800$។
– កូនសោររថយន្ត ចំនួន 1 (របស់ជនរងគ្រោះ)
– អត្តសញ្ញាណប័ណ្ណ 1សន្លឹក (របស់ជនរងគ្រោះ)
– កាត ATM 2សន្លឹក ( ABA , Canadia ) (របស់ជនរងគ្រោះ)
– កាតសមាជិកបក្សប្រជាជន ចំនួន 1 (របស់ជនរងគ្រោះ)
– ប័ណ្ណ ប.ស.ស ចំនួន 1 (របស់ជនរងគ្រោះ)
– ប័ណ្ណបើកបរ ចំនួន 1 (របស់ជនរងគ្រោះ)
– កាតចាក់វ៉ាក់សាំង ចំនួន 1 (របស់ជនរងគ្រោះ)
– លិខិតឆ្លងដែន ចំនួន 1ក្បាល ។
បច្ចុប្បន្នករណីនេះ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសាកសួរបន្តនិតិវិធីជំនាញ ៕
ដោយ៖សហការី